ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងរាជធានី ខេត្ត មានករណីគ្រោះអគ្គិភ័យកើតឡើងសរុប ១៤លើក បណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតម្នាក់។

រាជធានីភ្នំពេញជាទីកន្លែងដែលកើតឡើងច្រើនជាងគេ ដោយមានគ្រោះអគ្គិភ័យសរុប៤លើក។ តួលេខនេះបានកើនឡើង៣លើកធៀបនឹងឆ្នាំ២០២៥ ដែលមានតែ១១លើកប៉ុណ្ណោះ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះអគ្គិភ័យសរុបទាំង៣ថ្ងៃនៅខេត្តផ្សេងៗមានដូចជា៖ ព្រះវិហារ១លើក បន្ទាយមានជ័យ១លើក កំពង់ចាម១លើក ស្វាយរៀង៣លើក ព្រះសីហនុ១លើក កណ្ដាល១លើក ឧត្ដរមានជ័យ១លើក និងបាត់ដំបង១លើក។

មូលហេតុសំខាន់ៗដែលបណ្ដាលឲ្យកើតមានករណីគ្រោះអគ្គិភ័យនេះមាន ឆ្លងរន្ដអគ្គិសនី៦លើក ប្រើប្រាស់ភ្លើង៦លើក និងករណីផ្ទុះហ្គាស១លើក។

ក្នុងករណីគ្រោះអគ្គិភ័យទាំងនេះបានបណ្ដាលឲ្យឆេះខូចខាតផ្ទះសរុបចំនួន១១ខ្នង បន្ទប់ចំនួន២ តូបចំនួន១ ឃ្លាំង១ រោងកម្មករស្នាក់នៅ១ និងសិប្បកម្មតម្បាញចំនួន១។

អាជ្ញាធរដែលពាក់ព័ន្ធបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់អគ្គិសនី និងភ្លើងជាពិសេសក្នុងអំឡុងពេលបុណ្យទាំងឡាយ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះអគ្គិភ័យ។


