ចាប់បាន៩នាក់ហើយ! មេប៉ូលីសភ្នំពេញព្រមានក្មេងទំនើងគប់បំផ្លាញឡាន «អ្នកមិនអាចគេចខ្លួនមួយជីវិតបានទេ»

ចាប់បាន៩នាក់ហើយ! មេប៉ូលីសភ្នំពេញព្រមានក្មេងទំនើងគប់បំផ្លាញឡាន «អ្នកមិនអាចគេចខ្លួនមួយជីវិតបានទេ»

ការចាប់ខ្លួនក្មេងទំនើង

គិតត្រឹមម៉ោង៨៖០០នាទីយប់ថ្ងៃទី១៨ ខែមេសា ក្រុមក្មេងទំនើងដែលធ្វើសកម្មភាពវាយនិងគប់រថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ បណ្តាលឲ្យរងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌឃាត់ខ្លួនបានចំនួន៩នាក់ហើយ។

នេះបើតាមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ និងឱ្យក្មេងទំនើងដែលពាក់ព័ន្ធ ក៏ដូចជាក្មេងទំនើងដែលគប់រថយន្តហើយកំពុងរត់គេចទៅពួននៅខេត្ត ត្រូវចូលខ្លួនសារភាពជាបន្ទាន់ត្រឹមម៉ោង៧៖០០នាទីព្រឹក។

រថយន្តដែលត្រូវគប់

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖ “ខ្ញុំបាទសូមផ្ដាំទៅយុវជនដែលរួមគ្នាវាយបំផ្លាញរថយន្តនោះ (ខ្ញុំទុករយៈពេលឱ្យចូលសារភាពត្រឹមព្រឹកស្អែកវេលាម៉ោង ៧៖០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ គិតមកដល់ម៉ោង ២០ ៖០០នាទីថ្ងៃទី១៨ ខែមេសា នេះ កំលាំងជំនាញយើងខ្ញុំតាមឃាត់ខ្លួនសរុបបាន០៩ នាក់ហើយ។ ករណីខាងលើជាបទល្មើសព្រហ្មទណ្ឌ(អ្នកមិនអាចរត់គេចខ្លួនមួយជីវិតបានទេ គឺសមត្ថកិច្ចជំនាញ តាមគ្រប់ពេលវេលា) សូមចេញពីខេត្តមកទាំងយប់មក។”

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថា មុខសញ្ញាក្មេងទំនើងដែលវាយនឹងគប់រថយន្ត ត្រូវបានសមត្ថកិច្ចជំនាញកំណត់មុខសញ្ញាបានអស់ហើយ។ លោកអំពាវនាវទៅកាន់អាណាព្យាបាលថា បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ធករណីនេះ ត្រូវបញ្ជូនមកសារភាពបន្ទាន់។

គួរឱ្យដឹងថា ហេតុការណ៍ពលរដ្ឋដេញគប់រថយន្ត១គ្រឿង ម៉ាកអាវតា០៧ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ បានកើតឡើង គឺនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសមត្ថកិច្ចជំនាញ ហេតុការណ៍នេះកើតឡើងក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ជាមួយនឹងម៉ូតូ១គ្រឿង។ ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។

អ្នកបើករថយន្ត បានឲ្យនគរបាលដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួនពីក្រោយ។ ភ្លាមៗខ្លួនក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបឡើយ ឃើញបែបនេះ អ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល រួចឡើងរថយន្តបើកចេញពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍។

ក្រោយពីម្ចាស់រថយន្តរុញម៉ូតូខ្លួនផ្ដួល និងបើកចេញ ម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ បណ្ដាលឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខ និងក្រោយ។ ក្នុងហេតុការណ៍ ពលរដ្ឋដែលគប់រថយន្ត សមត្ថកិច្ច ក៏បាបចុះអន្តរាគមន៍ នាំយករថយន្ត និងអ្នកបើកបរចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកើតមានអំពើហិង្សា៕

ដោយ៖ ង៉ិល ណារ៉ាត់

administrator

Related Articles