ភ្នំពេញ៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រស្តុកសាំងក្រអូប និងប្រេងម៉ាសូត នៅខណ្ឌកំបូល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥:៥០ល្ងាច នៅតាមបណ្តោយផ្លូវបេតុង ភូមិគុល សង្កាត់កន្ទោក។ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានធុំក្លិនឈ្ងៀមផ្សែង និងឃើញផ្សែងខ្មៅហ៊ុយចូលផ្ទះរបស់ពួកគាត់។

ភ្លាមៗនោះ ពលរដ្ឋបាននាំគ្នាយកទុយោទឹកបាញ់បង្ការជាបណ្តោះអាសន្ន ដើម្បីការពារកុំឱ្យអគ្គិភ័យរាលដាលទៅផ្ទះរបស់ពួកគាត់។ ក្រោយមក នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងទៅកាន់កន្លែងកើតហេតុ។

អគ្គិភ័យនេះបានបង្កការខូចខាតបន្ទប់ចំនួន១អស់ទាំងស្រុង និងប្រេងសាំងក្រអូប ប្រេងម៉ាសូតជាច្រើនកាន រួមទាំងម៉ាស៊ីនត្រជាក់១គ្រឿង។ ក្រៅពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានី ក៏មានរថយន្តជំនួយពីបុរីសង្ឃឹមថ្មី២គ្រឿង រថយន្តសាលាខណ្ឌកំបូល១គ្រឿង និងរថយន្តកងពលតូចង៧០ ចំនួន៥គ្រឿងទៀតផង។

សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា មូលហេតុនៃអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យត្រូវបានបង្ក្រាបឱ្យរលត់ជាស្ថាពរក្រោយពីការខិតខំប្រឹងប្រែងរបស់ក្រុមសង្គ្រោះ។

អត្ថបទ៖ រដ្ឋា
