ខេត្តកំពង់ឆ្នាំង៖ ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់បានបង្កឱ្យមានការខូចខាតផ្ទះជាង៣០ខ្នង និងមនុស្ស៦នាក់រងរបួសធ្ងន់ស្រាលនៅស្រុកកំពង់លែងកាលពីយប់ថ្ងៃទី១៩មេសា។

លោក ប៉ាត់ គន មេឃុំផ្លូវទូកបានបញ្ជាក់ថា នៅវេលារំលងអាធ្រាត្រ មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឱ្យផ្ទះជាច្រើនខ្នងបានរងការខូចខាត និងខ្លះរលំទាំងស្រុង។

ក្នុងចំណោមអ្នករងរបួស៦នាក់ មានស្ត្រី៣នាក់ ដោយម្នាក់រងរបួសធ្ងន់។ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់លែង និងបន្ទប់ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

នៅភូមិពាមខ្នង ផ្ទះ២១ខ្នងខូចខាត រួមមាន៖ រលំទាំងស្រុង៦ខ្នង របើកដំបូលទាំងស្រុង៥ខ្នង របើកដំបូលស័ង្កសី៦ខ្នង និងបាក់ជើងធ្លាក់ដល់ដី២ខ្នង។

នៅភូមិថ្នល់ឈើទាល ផ្ទះ១៣ខ្នងខូចខាត រួមមាន៖ រលំទាំងស្រុង២ខ្នង របើកដំបូលទាំងស្រុង៣ខ្នង និងរបើកស័ង្កសី៨ខ្នង។ សរុបទាំង២ភូមិខូចខាតផ្ទះ៣៤ខ្នង។

លោកមេឃុំបានរំលឹកថា ជារឿយៗរាល់ខែពិសាខ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់តែងតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក ដោយសារឃុំនេះមានភូមិសាស្ត្រជាប់បឹងទន្លេសាប។

កាលពីមុន ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកតូចៗ ប៉ុន្តែក្រោយកំណែទម្រង់ ពួកគាត់ត្រូវបានរៀបចំឱ្យរស់នៅលើគោក ដោយខ្លះសង់ផ្ទះថ្មី ខ្លះគ្រាន់តែតម្កល់ផ្ទះបណ្ដែតទឹកដែលមានស្រាប់ដាក់លើគោក។

អត្ថបទសរសេរដោយ ពៅ សុខហ៊ាន កែសម្រួលដោយ ធីតា
