អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ម្តងទៀត និងវាយប្រហារកប៉ាល់ពាណិជ្ជកម្មពីរគ្រឿង ក្នុងព្រឹត្តិការណ៍ដ៏តានតឹងបំផុតចាប់តាំងពីការឈប់បាញ់។

កាលពីថ្ងៃសៅរ៍ទី១៨ មេសា កប៉ាល់ពាណិជ្ជកម្មដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនេះ បានទទួលសារវិទ្យុពីកងទ័ពជើងទឹកអ៊ីរ៉ង់ដែលបញ្ជាក់ថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ទេ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ពួកគេនឹងបិទច្រក Hormuz ចំពោះកប៉ាល់ពាណិជ្ជកម្មទាំងអស់ និងរឹតត្បិតការដឹកជញ្ជូន រហូតដល់សហរដ្ឋអាមេរិកលើកការបិទផ្លូវលើកំពង់ផែអ៊ីរ៉ង់។

«ការប៉ុនប៉ងណាមួយដើម្បីទៅដល់ច្រក Hormuz នឹងត្រូវចាត់ទុកថាជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការជាមួយសត្រូវ ហើយនាវាដែលបង្កបញ្ហានឹងត្រូវវាយប្រហារភ្លាមៗ» នេះជាសេចក្តីថ្លែងការណ៍របស់ IRGC។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះផ្ទុយនឹងការអះអាងពីមុនរបស់រដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ ដែលបានប្រកាសថា ផ្លូវទឹកយុទ្ធសាស្ត្រនេះបានបើកឡើងវិញហើយ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយបកវិញថា ទីក្រុងតេហេរ៉ង់មិនអាច «គំរាមកំហែង» សហរដ្ឋអាមេរិកដោយការផ្លាស់ប្តូរជំហររបស់ខ្លួនឥតឈប់ឈរលើច្រកសមុទ្រ Hormuz នោះទេ។ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងស្ថិតក្នុងការសន្ទនានៅឡើយ។

អាជ្ញាធរដែនសមុទ្រអង់គ្លេសបានប្រកាសថា ខ្លួនទទួលបានរបាយការណ៍អំពីកប៉ាល់មួយគ្រឿងដែលកំពុងរងការបាញ់ប្រហារពីអ៊ីរ៉ង់នៅជិតប្រទេសអូម៉ង់ និងមួយទៀតវាយប្រហារដោយគ្រាប់ផ្លោងនៅក្នុងច្រកសមុទ្រ។ មន្ត្រីអាមេរិកបានអះអាងបន្ថែមថា យោធាអាមេរិកកំពុងតាមដានការវាយប្រហារយ៉ាងហោចណាស់បីលើករបស់អ៊ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្ម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
