ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅថ្ងៃទី២០ ឧសភា ២០២៦ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីចិនជាន់ខ្ពស់ នៅពេលដល់រដ្ឋធានីប៉េកាំង។

ភ្លាមៗនោះ លោកពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់នៅវិមាន Great Hall of the People។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក ស៊ី បានថ្លែងថា អនុត្តរភាពឯកតោភាគីកំពុងរីករាលដាលយ៉ាងខ្លាំង ដោយសំដៅទៅលើប្រទេសធំៗដែលប្រើអំណាចសម្រេចចិត្តតែឯង មិនខ្វល់ពីប្រទេសដទៃ ដែលគេយល់ថាជាការផ្ញើសារដល់មហាអំណាចដូចជាសហរដ្ឋអាមេរិក។
លោក ស៊ី បានបន្តថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ UNSC ចិន និងរុស្ស៊ី គួរប្រកាន់យកទស្សនវិស័យយុទ្ធសាស្ត្ររយៈពេលវែង សហការគ្នាដើម្បីកសាងប្រព័ន្ធគ្រប់គ្រងសកលប្រកបដោយយុត្តិធម៌ និងសមធម៌។ ប្រមុខរដ្ឋចិនក៏លើកឡើងថា ប៉េកាំង និងមូស្គូ គួរជួយជ្រោមជ្រែងគ្នាក្នុងការអភិវឌ្ឍ និងស្តារភាពរុងរឿងឡើងវិញ។
ការអះអាងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបបញ្ចប់ដំណើរទស្សនកិច្ចចិនរយៈពេល២ថ្ងៃ ដោយលើកបញ្ហារសើបដូចជាកោះតៃវ៉ាន់ និងសង្គ្រាមអ៊ីរ៉ង់ តែមិនទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ។
អត្ថបទ៖ សុខ សុវណ្ណ
