មកទល់នឹងពេលនេះ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយជាង ៤ឆ្នាំហើយ ដោយការវាយប្រហារដោយដ្រូន និងមីស៊ីលនៅតែបន្តសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។

អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា មនុស្សចំនួន ១៥ ៨៥០នាក់ ក្នុងនោះមានកុមារចំនួន ៧៩១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោកស្រី Kayoko Gotoh នាយកផ្នែកកិច្ចការនយោបាយ និងកសាងសន្តិភាព (DPPA) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះទៅទៀត។

យោងតាម Al Jazeera ចុះថ្ងៃទី១៩ ឧសភា ២០២៦ ការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីបានជាប់គាំង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមសម្របសម្រួល និងប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃកាលដើមខែឧសភា ប៉ុន្តែការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញកាន់តែសាហាវជាងមុន។
ការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះបីនាក់នៅក្រុង Pryluky តំបន់ Chernihiv។ នៅតំបន់ Sumy មនុស្សពីរនាក់ត្រូវបានសម្លាប់ដោយដ្រូនរុស្ស៊ី។ អ៊ុយក្រែនក៏បានវាយប្រហារវិញដោយដ្រូន បំផ្លាញរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងវាយចូលដល់ក្រុងមូស្គូផងដែរ។

ការវាយប្រហារជារៀងរាល់ថ្ងៃនេះ បណ្តាលឱ្យមានការសងសឹកគ្នាឥតឈប់ឈរ ហើយគ្មានប្រទេសណាអាចបញ្ឈប់សកម្មភាពភាគីទាំងពីរបានទាំងស្រុងនោះទេ ខណៈពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើសង្រ្គាមនៅអ៊ីរ៉ង់ ដែលចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ៕
