កងទ័ពមីយ៉ាន់ម៉ាបានប្រកាសជ័យជម្នះថ្មីមួយទៀត បន្ទាប់ពីអាចដណ្តើមយកទីក្រុងព្រំដែន Mawtaung មកវិញពីក្រុមឧទ្ទាម ដោយពង្រីកបណ្តាញឆ្លងកាត់ព្រំដែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើងវិញ។

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar នៅថ្ងៃទី ២០ ឧសភា កងកម្លាំងរដ្ឋាភិបាលបានដណ្តើមយកទីក្រុង Mawtaung ដែលស្ថិតនៅក្នុងតំបន់ Tanintharyi ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ក្រោយពីការវាយបកវិញអស់រយៈពេលពីរសប្តាហ៍។ ទីក្រុងនេះត្រូវបានកងទ័ពមីយ៉ាន់ម៉ាបាត់បង់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពេលដែលក្រុមឧទ្ទាមបានបើកការវាយលុកយ៉ាងខ្លាំងក្លា។
ការវាយបកវិញនេះបានពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាទាំងធំទាំងតូចជាង ២០០ លើក ដែលបណ្តាលឱ្យទាហានកងទ័ពជាច្រើននាក់ស្លាប់ និងយ៉ាងហោចណាស់យុទ្ធជនប្រឆាំង ២៤ នាក់ទៀតត្រូវបានសម្លាប់ នេះបើតាមការឲ្យដឹងពីប្រភពព័ត៌មានដដែល។

ការដណ្តើមយកទីក្រុង Mawtaung មកវិញគឺជាជ័យជម្នះដ៏សំខាន់មួយទៀតសម្រាប់យោធាមីយ៉ាន់ម៉ា ដែលកំពុងពង្រីកការឈានទៅមុខថ្មីៗប្រឆាំងនឹងក្រុមឧទ្ទាម។ ការដណ្តើមបានទីក្រុងនេះឡើងវិញអាចនឹងធ្វើឱ្យពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ាអាចដំណើរការឡើងវិញ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣-២០២៤ ការឆ្លងកាត់ទីក្រុង Mawtaung បានកត់ត្រាទំនិញដែលមានតម្លៃសរុប ២៦,៧ លានដុល្លារ។

ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងស្ថានភាពអស្ថិរភាពចាប់តាំងពីរដ្ឋប្រហារយោធាកាលពី ៥ ឆ្នាំមុន។ នៅចុងឆ្នាំ ២០២៣ កងកម្លាំងចម្រុះឧទ្ទាមបានធ្វើឱ្យយោធាស្ថិតក្នុងស្ថានភាពមិនអំណោយផល ប៉ុន្តែការវាយលុករបស់ពួកគេក៏បានជាប់គាំង ដែលអនុញ្ញាតឱ្យយោធាទទួលបានគំនិតផ្តួចផ្តើមឡើងវិញបន្តិចម្តងៗ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យោធាមីយ៉ាន់ម៉ាបានអះអាងថាបានដណ្តើមយកផ្លូវហាយវេសំខាន់មួយនៅភាគខាងជើងដែលនាំទៅដល់ព្រំដែនចិន និងផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតជាមួយប្រទេសថៃផងដែរ។
