ប្រទេសកុងហ្គោ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ «ទំហំ និងល្បឿន» នៃការផ្ទុះឡើងវិញនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣៦នាក់ និងមានករណីសង្ស័យជាង ៥៤០ករណី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នៅក្នុងកិច្ចប្រជុំលើកទី៧៩ នៃសន្និបាតសុខភាពពិភពលោក (WHA) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងថា ចំនួនករណីនឹងបន្តប្រែប្រួល នៅពេលដែលក្រុមការងារពង្រីកប្រតិបត្តិការ រួមមានការឃ្លាំមើលកាន់តែខ្លាំង ការតាមដានអ្នកប៉ះពាល់ និងការធ្វើតេស្តមន្ទីរពិសោធន៍បន្ថែមទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែឧសភា អាជ្ញាធរសុខាភិបាលកុងហ្គោបានរាយការណ៍ពីការស្លាប់បន្ថែមចំនួន ២៦នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ នៅភាគខាងកើតប្រទេស ដែលជាតំបន់កំពុងរងគ្រោះដោយអំពើហិង្សាប្រដាប់អាវុធ។ បច្ចុប្បន្នមានករណីសង្ស័យសរុបចំនួន ៥៤៣ករណី ដែលក្នុងនោះមានករណីបញ្ជាក់ចំនួន ៣៣ករណីនៅកុងហ្គោ និង ២ករណីទៀតនៅប្រទេសអ៊ូហ្គង់ដាជិតខាង។
WHO បានប្រកាសជាផ្លូវការថា ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីអេបូឡា ដែលជាជំងឺឆ្លងខ្លាំងនេះ គឺជាគ្រាអាសន្នសុខភាពសកល ហើយនឹងប្រជុំបន្ទាន់មួយនៅថ្ងៃទី២០ ខែឧសភា ដើម្បីវាយតម្លៃស្ថានភាព និងស្វែងរកវិធានការទប់ស្កាត់ការរីករាលដាល។

ការផ្ទុះឡើងនេះបង្កក្តីបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនាញ ដោយសារតែជំងឺនេះអាចរីករាលដាលដោយមិនត្រូវបានរកឃើញអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករ និងខ្វះប្រព័ន្ធសុខាភិបាលរឹងមាំ។ គួររំលឹកថា ការផ្ទុះឡើងនៃជំងឺអេបូឡាពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ នៅភាគខាងកើតកុងហ្គោ គឺជាជំងឺដ៏សាហាវបំផុតទីពីរក្នុងប្រវត្តិសាស្ត្រ ដោយបានឆក់យកជីវិតមនុស្សជិត ២៣០០នាក់៕
