ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត ២០០នាក់ ប្រុសស្រី នាំគ្នាលើកបដាដង្ហែតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរក្រុងប៉ោយប៉ែត ខណៈពួកគាត់បានទិញដីពីក្រុមហ៊ុនដីឡូតិ៍លោកស្រី ពៅ វណ្ណា រួចរាល់តែពុំទាន់ទទួលបានប្លង់កម្មសិទ្ធិ ដោយលើកឡើងពីការភ័យខ្លាចថាខ្លួនកំពុងចាញ់បោកឈ្មួញដីយ៉ាងធ្ងន់ធ្ងរ។

តំណាងប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងថា ពួកគាត់សុទ្ធតែបានទិញដីឡូតិ៍ពីក្រុមហ៊ុនខាងលើ តែក្រោយទិញរួចក៏ពុំឃើញមានការចេញប្លង់កម្មសិទ្ធិឲ្យឡើយ រហូតពេលក្រោយមកទើបដឹងថាដីនេះមានទំនាស់គ្នារវាងអ្នកលក់ដើមនឹងភាគីមួយទៀត ដែលមិនទាន់ដោះស្រាយបញ្ចប់។

លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះភាគច្រើនរស់នៅក្រុងប៉ោយប៉ែត បានទិញដីឡូតិ៍ពីក្រុមហ៊ុនលោកស្រី ពៅ វណ្ណា ដែលស្ថិតនៅភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកអភិបាលរងបានបញ្ជាក់ទៀតថា មូលហេតុដែលមិនអាចធ្វើប្លង់ឲ្យបាន គឺដោយសារដីនេះជាដីមានទំនាស់ ដែលលោកស្រី ពៅ វណ្ណា បានទិញពីលោកយាយ សេង គីម ដែលមានរឿងក្តីទំនាស់ជាមួយលោក លី សាយឃាង មិនទាន់ដោះស្រាយចប់។ គម្រោងដីឡូតិ៍នេះបានដំណើរការក្នុងឆ្នាំ ២០១៨-២០១៩ មានដីឡូតិ៍ប្រមាណ ៨០០ឡូតិ៍ លក់ក្នុងតម្លៃចាប់ពីជាង ៧ពាន់ដុល្លារ រហូតដល់ជាង ១ម៉ឺនដុល្លារ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានជួបជាមួយតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដោយទុកពេល៣ថ្ងៃឲ្យក្រុមហ៊ុនប្រមូលឯកសារ និង៧ថ្ងៃដើម្បីផ្តល់ចម្លើយច្បាស់លាស់ថា តើនឹងប្រគល់ដី ឬសងប្រាក់វិញ។

ព័ត៌មានបន្តនឹងត្រូវបានផ្សាយបន្ថែមនៅលើទំព័រកាសែតកោះសន្តិភាព។









