ខេត្តពោធិ៍សាត់៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានសម្តែងការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមបុគ្គលអគតិមួយក្រុម ដែលបានព្រួតដៃគ្នាធ្វើបាបសត្វប្រើសញីមានផ្ទៃពោះ រហូតដល់ស្លាប់យ៉ាងព្រៃផ្សៃ។

តាមការប្រកាសរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា មានសត្វប្រើសញីមានផ្ទៃពោះចំនួន ១ក្បាល ទម្ងន់ប្រមាណ ១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។
ភ្លាមៗនោះ បុគ្គលអគតិមួយចំនួនបានព្រួតដៃគ្នាវាយដំ និងបង្អៅឆ្កែដេញខាំ បណ្តាលឲ្យសត្វព្រៃផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវឆ្កែខាំរហូតដល់ស្លាប់យ៉ាងព្រៃផ្សៃក្នុងចម្ការដំឡូងមី ស្លាប់ទាំងម្តាយទាំងកូនក្នុងផ្ទៃដ៏អាណោចអធ័ម។

សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និងសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែសត្វប្រើសជាប្រភេទងាយរងគ្រោះក្នុងបញ្ជី IUCN Red List និងជាអំពើខុសច្បាប់ក្រោមក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។
ក្រោយកើតហេតុភ្លាមៗ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ ព្រមទាំងស្នើសុំគោលការណ៍ពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីនិមន្តព្រះសង្ឃធ្វើកិច្ចបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃដ៏កម្សត់នោះនៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។

មន្ទីរបរិស្ថាន និងអាជ្ញាធរ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ! បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ អាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងចូលភូមិឋាន សូមមេត្តាចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឲ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕
អត្ថបទដោយ៖ កៀន សុឃាក់
