អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងចុះចតនៅទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ (ថ្ងៃទី១៩-២០ ខែឧសភា) តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថា ការរៀបចំគ្រប់យ៉ាងសម្រាប់ដំណើរទស្សនកិច្ចនេះត្រូវបានបញ្ចប់រួចរាល់ហើយ។ លោកបានបន្ថែមថា «របៀបវារៈគឺច្បាស់លាស់ណាស់៖ ទំនាក់ទំនងទ្វេភាគី ភាពជាដៃគូពិសេស និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ចដែលមានតម្លៃជាង ២០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺជាអាទិភាព»។
ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាលើការពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ។ លោកពូទីនក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង ដើម្បីពិភាក្សាលើទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចបន្ថែមទៀតផងដែរ។
កិច្ចពិភាក្សាត្រូវបានគេរំពឹងថានឹងបញ្ចប់ដោយការចេញសេចក្តីថ្លែងការណ៍រួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរវាងរដ្ឋាភិបាលទាំងពីរ។
គួរបញ្ជាក់ថា ទំនាក់ទំនងចិន-រុស្ស៊ី កាន់តែរឹតបន្តឹងខ្លាំងឡើងៗនាពេលថ្មីៗនេះ ដោយទីក្រុងប៉េកាំងបានបដិសេធមិនចូលរួមក្នុងទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងមូស្គូ។ ប្រទេសទាំងពីរកំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ថាមពល និងការទូត ព្រមទាំងជំរុញគម្រោងថាមពលយក្សដូចជា បំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលនឹងបង្កើនបរិមាណឧស្ម័នពីរុស្ស៊ីទៅកាន់ទីផ្សារចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោក Yury Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានបង្ហើបថា លោកពូទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចចិនពីរដងនៅឆ្នាំ ២០២៦ ដោយលើកទី២គឺដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងសិនជិន នៅខែវិច្ឆិកាខាងមុខ៕
