រុស្ស៊ីប្រកាសគាំទ្រអ៊ីរ៉ង់យ៉ាងដាច់អហង្ការលើការបន្តកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន ខណៈរដ្ឋបាលត្រាំកំពុងបង្កើនសម្ពាធគ្រប់បែបយ៉ាងមកលើទីក្រុងតេហេរ៉ង់។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្នុងគោលបំណងសន្តិភាព ដោយទប់ទល់នឹងសម្ពាធថ្មីពីរដ្ឋបាល លោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
លោក Lavrov បានសង្កត់ធ្ងន់ថា៖ «អ៊ីរ៉ង់ ក្នុងនាមជារដ្ឋអធិបតេយ្យ និងជាប្រទេសចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) រក្សាសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ពួកគេ»។ លោកបន្តថា៖ «អ៊ីរ៉ង់មានសិទ្ធិបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងសន្តិភាព»។

ការកត់សម្គាល់នេះកើតឡើង ពេលដែលរដ្ឋបាល លោក ត្រាំ បង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែរ និងកំណត់ឥទ្ធិពលក្នុងតំបន់។ យ៉ាងណា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការព្រួយបារម្ភម្តងហើយម្តងទៀតពីកម្រិតនៃការចម្រាញ់ប្រេងរបស់ទីក្រុងតេហេរ៉ង់កើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើសពីកម្រិតដែលបានកំណត់ក្រោមផែនការសកម្មភាពរួម (JCPOA) ឆ្នាំ២០១៥។
ការលើកឡើងរបស់ លោក Lavrov ស្របនឹងជំហរយូរអង្វែងរបស់រុស្ស៊ីក្នុងការគាំទ្រដំណោះស្រាយការទូត ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈក៏ប្រឆាំងនឹងទណ្ឌកម្មឯកតោភាគី និងការគំរាមកំហែងផ្នែកយោធា។ ទីក្រុងមូស្គូតែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយតាមរយៈការចរចាពហុភាគី ជាជាងការប្រឈមមុខដាក់គ្នា។
សម្រួល៖ ណឺ មិនា
