កិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ដែលកំពុងជាប់គាំង ហាក់មានសញ្ញាវិជ្ជមានជាថ្មី បន្ទាប់ពីទីក្រុងតេហេរ៉ង់បានដាក់សំណើសន្តិភាពថ្មីមួយទៅកាន់សហរដ្ឋអាមេរិក ដោយបង្ហើបឲ្យដឹងនូវលក្ខខណ្ឌសំខាន់ៗចំនួន៣។

សារព័ត៌មាន IRNA បានដកស្រង់សម្តីលោក Kazem Gharibabadi អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ដែលបានបង្ហើបឲ្យដឹងនៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា លក្ខខណ្ឌទាំងបីនោះរួមមាន៖ ការលើកលែងទណ្ឌកម្មលើទីក្រុងតេហេរ៉ង់, ការបើកឲ្យប្រើប្រាស់មូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក, និងការបញ្ឈប់ការបិទខ្ទប់ផ្លូវទឹក។ ទោះបីជាយ៉ាងណា មិនទាន់មានការឆ្លើយតបពីភាគីអាមេរិកនៅឡើយទេ។

ការវិវឌ្ឍនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកផែនការវាយប្រហារយោធាលើអ៊ីរ៉ង់ តាមការស្នើសុំពីមេដឹកនាំកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ លោកត្រាំបានសរសេរក្នុងបណ្តាញសង្គម Truth Social ថា កិច្ចព្រមព្រៀងដែលអាចទទួលយកបានកំពុងត្រូវបានរៀបចំ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងគ្មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ យ៉ាងណាក៏ដោយ លោកត្រាំក៏បានគំរាមដែរថា វ៉ាស៊ីនតោនត្រៀមបើកការវាយប្រហារទ្រង់ទ្រាយធំភ្លាមៗ បើសំណើសន្តិភាពនេះគ្មានលទ្ធផលជាក់ស្តែង៕
