ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ និងក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចបានអបអរសាទរចំពោះឯកឧត្តម ADJAGBA ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតបេណាំងប្រចាំកម្ពុជា។ សម្ដេចសង្ឃឹមថា បេសកកម្មរបស់ឯកឧត្តមនឹងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន។

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យជួប និងប្រគល់សារតាំង។ សម្ដេចតេជោបានរំលឹកពីអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចនៅបេណាំងកាលពីឆ្នាំ១៩៨៣ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ដែលជាពេលកម្ពុជាកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្ម តែបេណាំងនៅតែទទួលស្វាគមន៍។

សម្ដេចតេជោក៏បានអញ្ជើញប្រធានាធិបតីបេណាំងឱ្យអញ្ជើញមកកាន់កម្ពុជាក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខ។ សម្ដេចជឿជាក់ថា នេះជាឱកាសពង្រីកមិត្តភាពរវាងប្រទេសទាំងពីរ។

ចុងក្រោយ សម្ដេចតេជោបានជូនពរលោកឯកអគ្គរដ្ឋទូត សូមទទួលបានជោគជ័យក្នុងបេសកកម្មនៅកម្ពុជា៕





ដោយ៖ តារា
