
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា មានឱកាសខ្ពស់ណាស់ ដែលសហរដ្ឋអាមេរិកអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីរារាំងប្រទេសនេះពីការផលិតអាវុធនុយក្លេអ៊ែរ។ ការលើកឡើងនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកប្រកាសផ្អាកគម្រោងវាយប្រហារផ្នែកយោធា ដើម្បីទុកពេលឱ្យកិច្ចចរចាបន្តទៅមុខ។
លោក ត្រាំ បានប្រាប់ថា រូបលោកនឹងមានក្តីរីករាយយ៉ាងខ្លាំង ប្រសិនបើភាគីទាំងពីរអាចរកដំណោះស្រាយរួមមួយបាន ដោយមិនចាំបាច់មានការទម្លាក់គ្រាប់បែកវាយប្រហារគ្នានោះទេ។ យ៉ាងណាមិញ លោកក៏បានព្រមានផងដែរថា អាមេរិកនៅតែត្រៀមខ្លួនជាស្រេចក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំ បើការចរចាមិនអាចឈានទៅដល់កិច្ចព្រមព្រៀងណាមួយបានទេនោះ។
ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក ត្រាំ បង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Truth Social ដោយបង្ហើបឱ្យដឹងថា រូបលោកទទួលបានការស្នើសុំដោយផ្ទាល់ពីមេដឹកនាំសំខាន់ៗនៃបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា រួមមាន ព្រះចៅអធិរាជនៃប្រទេសកាតា ព្រះរាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម។ មេដឹកនាំទាំងនោះបានសុំឱ្យលោកពន្យារពេលការវាយប្រហារយោធាលើអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយសារតែបច្ចុប្បន្នការចរចាកំពុងដំណើរការយ៉ាងម៉ឺងម៉ាត់។
ដើម្បីបង្ហាញការគោរព លោក ត្រាំ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Daniel Caine ព្រមទាំងមេបញ្ជាការយោធាអាមេរិកទាំងអស់ ឱ្យដកថយ និងផ្អាកប្រតិបត្តិការយោធាជាបណ្តោះអាសន្នសិន។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌស្នូល និងសំខាន់បំផុតនៃកិច្ចព្រមព្រៀងថ្មីនេះ គឺត្រូវតែមានការហាមឃាត់ដាច់ខាតមិនឱ្យអ៊ីរ៉ង់មានឱកាសទទួលបាន ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលនេះជាចំណុចគន្លឹះដែលអាមេរិកមិនអាចរំលងបានឡើយ៕
