ត្រាំប្តូរចិត្ត! ប្រកាសផ្អាកវាយប្រហារអ៊ីរ៉ង់ ក្រោយមេដឹកនាំឈូងសមុទ្រអង្វរ

ត្រាំប្តូរចិត្ត! ប្រកាសផ្អាកវាយប្រហារអ៊ីរ៉ង់ ក្រោយមេដឹកនាំឈូងសមុទ្រអង្វរ

ប៉ុន្មានថ្ងៃមុន ប្រមុខសេតវិមាន ដូណាល់ ត្រាំ អះអាងថា មិនយូរទៀតឡើយ លោកនឹងចាប់ផ្តើមធ្វើសង្គ្រាមជាថ្មី ជាមួយអ៊ីរ៉ង់ ព្រោះតែសាធារណរដ្ឋឥស្លាមមួយនេះ នៅរឹងទទឹង មិនព្រមចូលមកកាន់តុចរចា ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាព។

យន្តហោះចម្បាំងអាមេរិក

យ៉ាងណា ពេលនេះ មេដឹកនាំអាមេរិក ប្រែក្រឡាស់សម្តីវិញ ដោយប្រកាសថា លោកផ្អាកការវាយប្រហារសិន។

តាមផែនការ អាមេរិក នឹងផ្តើមសង្គ្រាមថ្មី ជាមួយទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារនេះ ប៉ុន្តែលោកត្រាំ អះអាងថា លោកសម្រេចចិត្តពន្យារពេលសិន ដោយសារតែ បណ្តារដ្ឋឈូងសមុទ្រ ធ្វើការស្នើសុំមករូបលោក កុំទាន់បើកប្រតិបត្តិការ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំអាមេរិក សរសេរថា៖ «ខ្ញុំត្រូវបានព្រះចៅ Tamim bin Hamad Al Thani នៃប្រទេសកាតា, ព្រះអង្គ Mohammed bin Salman Al Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីអារ៉ាប់រួម Mohamed bin Zayed Al Nahyan ស្នើសុំឲ្យផ្អាកជាបណ្តោះអាសន្ន នូវការវាយប្រហារខាងយោធាដែលយើងបានគ្រោងទុក លើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃស្អែកនេះ ដោយហេតុថា នាពេលនេះ កិច្ចចរចាដ៏រលូនជាច្រើន កំពុងតែប្រព្រឹត្តទៅ»។

លោកត្រាំ បន្តថា៖ «កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើង ដែលជាកិច្ចព្រមព្រៀង អាចទទួលយកបានទាំងសម្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសទាំងអស់ នៅមជ្ឈិមបូព៌ា និងតំបន់ដទៃទៀត។ កិច្ចព្រមព្រៀងនេះ នឹងរួមបញ្ចូលចំណុចសំខាន់មួយគឺ មិនមានអាវុធនុយក្លេអ៊ែរសម្រាប់ប្រទេសអ៊ីរ៉ង់ជាដាច់ខាត!»។

យន្តហោះចម្បាំងអាមេរិក

យ៉ាងណាក្នុងសារនោះ ប្រធានាធិបតីអាមេរិក ក៏គំរាមដែរថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនជាស្រេច ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំពេញទំហឹង លើអ៊ីរ៉ង់ភ្លាមៗ ដោយមិនបាច់ជូនដំណឹងមុន បើកិច្ចព្រមព្រៀង មិនអាចលេចឡើងជារូបរាងបានទេនោះ។

រឿងនេះ កើតឡើងបន្ទាប់ពី យន្តហោះដឹកគ្រាប់របស់អាមេរិក ជាច្រើនគ្រឿង បានទៅដល់ប្រទេសអ៊ីស្រាអែល ហើយ ដើម្បីត្រៀមបើកឆាកប្រយុទ្ធថ្មី ជាមួយអ៊ីរ៉ង់។ តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ប៉ុស្តិ៍លេខ១៣ របស់អ៊ីស្រាអែល យន្តហោះអាមេរិក ជាង១០គ្រឿង ដែលមានដឹកគ្រាប់សម្រាប់ច្បាំងក្នុងសង្គ្រាម បានចុះចតនៅទីក្រុង Tel Aviv នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។

យន្តហោះដឹកគ្រាប់អាមេរិក

យន្តហោះនេះ គឺហោះចេញពីមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ហើយសកម្មភាពនេះ ត្រូវគេចង្អុលចំៗថា គឺជាការត្រៀមលក្ខណៈ ក៏ដូចជារៀបចំកម្លាំង ដើម្បីធ្វើសង្គ្រាមជាមួយទីក្រុងតេហេរ៉ង់ សាជាថ្មី៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles