ប្រទេសប៉ាគីស្ថានបានដាក់ពង្រាយកងទ័ពប្រមាណ ៨ ០០០នាក់ រួមជាមួយយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសចិន HQ-៩ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមកតិកាសញ្ញាការពារជាតិទៅវិញទៅមក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការដាក់ពង្រាយនេះបានបង្កើនចំនួនទ័ពនិងសម្ភារៈយោធាប៉ាគីស្ថាននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីដើមខែមេសាមក។ កងទ័ពប៉ាគីស្ថានបានដាក់ពង្រាយយន្តហោះប្រហែល ១៦គ្រឿង ភាគច្រើនជាយន្តហោះចម្បាំង JF-១៧ ផលិតរួមគ្នាជាមួយចិន ព្រមទាំងប្រព័ន្ធការពារដែនអាកាស HQ-៩។
គួរបញ្ជាក់ថា វត្តមានអាវុធទំនើបរបស់ចិននៅអារ៉ាប៊ីសាអូឌីត ត្រួតស៊ីគ្នាជាមួយប្រព័ន្ធបច្ចេកវិទ្យាខ្ពស់របស់អាមេរិកដូចជា Patriot និង Thaad ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។ អារ៉ាប៊ីសាអូឌីតមានឃ្លាំងស្តុកប្រព័ន្ធស្ទាក់ចាប់ Patriot ច្រើនជាងគេក្នុងតំបន់ឈូងសមុទ្រ។
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យមានការចាប់អារម្មណ៍លើកតិកាសញ្ញាការពារជាតិរវាងអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ២០២៥។ ការដាក់ពង្រាយនេះគូសបញ្ជាក់ពីរបៀបដែលទីក្រុងអ៊ីស្លាម៉ាបាដព្យាយាមដោះស្រាយកង្វល់សន្តិសុខរបស់អារ៉ាប៊ីសាអូឌីត។
រ៉យទ័របានរាយការណ៍ថា មានកិច្ចព្រមព្រៀងដាក់ពង្រាយកងទ័ពប៉ាគីស្ថានរហូតដល់ ៨០ ០០០នាក់ទៅកាន់អារ៉ាប៊ីសាអូឌីតនៅពេលអនាគត ដើម្បីធានាព្រំដែនរវាងប្រទេសទាំងពីរ។
សម្រួល៖ ណឺ មិនា
