រញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ បានវាយប្រហារតំបន់ជិតឆ្នេរភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយរំពើករហូតដល់ប្រទេសថៃ។

ប្រភពពី Khaosod បានឲ្យដឹងថា ការរញ្ជួយនេះមានកម្រិត ៥.៣ រ៉ិចទ័រ និងកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ២៤៧គីឡូម៉ែត្រ ភាគនិរតីនៃស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។
នៅពេលរញ្ជួយកើតឡើង ប្រជាជនដែលរស់នៅ និងធ្វើការក្នុងអគារខ្ពស់ៗនៅតំបន់រងផលប៉ះពាល់ បាននាំគ្នារត់ជម្លៀសខ្លួនចេញមកក្រៅយ៉ាងប្រញាប់ប្រញាល់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ អ្នករងរបួស ឬរលកញ័ររញ្ជួយបន្ទាប់បន្សំ (Aftershocks) នោះឡើយ ដោយសារការរញ្ជួយនេះស្ថិតក្នុងកម្រិតមធ្យម ហើយចំណុចកណ្តាលរបស់វាស្ថិតនៅឆ្ងាយពីទីប្រជុំជន៕
