ខេត្តកំពង់ស្ពឺ៖ បុរសវ័យក្មេង២នាក់ ត្រូវបានសមត្ថកិច្ចស្រុកគងពិសី ឃាត់ខ្លួនក្រោយពីបានចូលទៅច្រៀងខារ៉ាអូខេផឹកស៊ីស្រវឹង រួចសម្តែងកាំភ្លើងខ្លីជាប់ចង្កេះ បង្កការភ័យរន្ធត់ដល់នារីបម្រើការក្នុងហាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងហាងផឹកស៊ីយីហោ (ម្លប់ស្បូវ) ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី។
តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ នឹម សុបាន (អ្នកកាន់កាំភ្លើង) អាយុ២៣ឆ្នាំ និងទី២-ឈ្មោះ គី ចាន់ថា (ម្ចាស់កាំភ្លើង) អាយុ៣៤ឆ្នាំ ទាំងពីរនាក់មកពីខេត្តកណ្ដាល។

មុនកើតហេតុ អ្នកទាំងពីរបាននាំគ្នាប្រមូលលុយចូលខារ៉ាអូខេផឹកស៊ីច្រៀងលេងជាមួយនារី រហូតស្រវឹង ឈ្មោះ គី ចាន់ថា បានវាយទ្វារបន្ទប់ទឹកបណ្ដាលឱ្យបែកកញ្ចក់ខូចខាត រីឯឈ្មោះ នឹម សុបាន បានសៀតកាំភ្លើងខ្លីនៅចង្កេះសើយអាវបង្ហាញនារីៗ។

ក្រោយពីនារីបម្រើការឃើញហេតុការណ៍ភ័យរន្ធត់ ក៏បានរាយការណ៍ទៅសន្តិសុខ រួចសមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងអាវុធខ្លីមួយដើម យកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់។
ដោយ៖ សូរិយា
