ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាសមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញថ្លែងសន្ទរកថា និងជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត។

សិក្ខាសិលាដ៏មានសារសំខាន់នេះ រៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។ ក្នុងនោះ ក៏មានការចូលរួមពីលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១០០ នាក់។

ឯកឧត្តម សរ សុពុត្រា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលនឹងផ្តល់ចំណេះដឹងថ្មីៗដល់យុវជន សម្រាប់ពង្រឹងសមត្ថភាពវិជ្ជាជីវៈ។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមខ្លួនជានិច្ចក្នុងការសហការ ដើម្បីជំរុញការវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាជន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេង។ លោកបានលើកឡើងថា សេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ប៉ុន្តែតាមការព្យាករណ៍របស់ធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញក្នុងរង្វង់ ៤,៥% នៅឆ្នាំ២០២៦ ដែលជាឱកាសដ៏ល្អសម្រាប់សហគ្រិនវ័យក្មេងក្នុងការវិនិយោគ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនថា បញ្ហាធំរបស់សហគ្រិនសព្វថ្ងៃគឺប្រភពទុន ដែលភាគច្រើនសំដៅរកតែពីវិស័យធនាគារ ដោយមិនបានគិតដល់ប្រភពទុនពីវិស័យធានារ៉ាប់រង និងផ្សារមូលបត្រ ដែលជាប្រភពទុនដ៏សំខាន់សម្រាប់ពង្រីកអាជីវកម្ម។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ថា ការវិនិយោគសម្រាប់អនាគតដ៏សំខាន់រួមមាន៖ ការវិនិយោគលើមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល នវានុវត្តន៍កសិកម្ម ចីរភាពបរិស្ថាន សមត្ថភាពស្ថាប័ន និងថាមពលកកើតឡើងវិញ។ លោកបានផ្តាំផ្ញើថា៖ «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំងកំពុងចូលរួមកសាងជាតិយើង»៕




