អន្តរជាតិ៖ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសផ្អាកគម្រោងវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ជាបណ្ដោះអាសន្ន បន្ទាប់ពីរដ្ឋាភិបាលតេហេរ៉ង់បានបញ្ជូនសំណើសន្តិភាពថ្មីមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ បានថ្លែងថា នេះជា ឱកាសដ៏ល្អបំផុតមួយ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្ដីពីការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទោះបីជាយ៉ាងនេះក្ដី លោកក៏បានបញ្ជាឱ្យកងទ័ពអាមេរិក បន្តត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារដ៏ខ្លាំងក្លាបំផុត នៅក្នុងករណីដែលការចរចាមិនទទួលបានលទ្ធផល។
គួរបញ្ជាក់ថា នៅក្រោមសម្ពាធដើម្បីបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ លោក ត្រាំ ធ្លាប់បានគំរាមម្ដងហើយម្ដងទៀតថានឹងបើកការវាយប្រហារតាមផ្លូវអាកាស ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀង។

ក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម លោក ត្រាំ ក៏បានអះអាងដែរថា មេដឹកនាំប្រទេស កាតារ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានស្នើសុំឱ្យលោកផ្អាកការវាយប្រហារជាថ្មី ដោយសារពួកគេជឿជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេច ដែលអាចទទួលយកបានទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា។
