នគរបាលខេត្តបាត់ដំបងបញ្ជាក់៖ ការអនុវត្តច្បាប់ត្រូវតែស្មើគ្នាគ្រប់គ្នា ក្រោយម្ចាស់រថយន្តត្រូវបានតុលាការចេញដីកាចាប់ខ្លួនពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់

នគរបាលខេត្តបាត់ដំបងបញ្ជាក់៖ ការអនុវត្តច្បាប់ត្រូវតែស្មើគ្នាគ្រប់គ្នា ក្រោយម្ចាស់រថយន្តត្រូវបានតុលាការចេញដីកាចាប់ខ្លួនពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ត្រូវតែមានភាពស្មើគ្នា ទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនប្រកាន់វណ្ណៈ ឋានៈ និងតួនាទីអ្វីទាំងអស់។

រូបភាពទី១

ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ រវាងរថយន្ត និងម៉ូតូ នៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង ដែលបណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូបានស្លាប់នៅមន្ទីរពេទ្យ។

រូបភាពទី២

តបទៅនឹងការចោទប្រកាន់លើបណ្តាញសង្គមថា សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកមិនបានអនុវត្តតាមនីតិវិធីច្បាប់នោះ អ្នកនាំពាក្យបានបញ្ជាក់ថា ក្រុមការងារនាយកដ្ឋាននគរបាលចរាចរណ៍ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះមកពិនិត្យសិក្សាលើសំណុំរឿង កន្លែងកើតហេតុ និងធ្វើការសហការយ៉ាងយកចិត្តទុកដាក់។

រូបភាពទី៣

ជាលទ្ធផល ឈ្មោះ សើ សាន់ណាវី ដែលត្រូវបានគេចោទពីដំបូងថាជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនបាននៅរាជធានីភ្នំពេញ។ ក្រោយការសាកសួរ គាត់បានសារភាពថា ខ្លួនមិនមែនជាអ្នកបើកបរបង្កគ្រោះថ្នាក់នោះទេ តែត្រូវបានឈ្មោះ សយ បូរ៉ា ដែលជាម្ចាស់រថយន្ត ឱ្យទទួលរឿងជំនួស។

រូបភាពទី៤

ក្រោយពីការសាកសួរចប់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានអនុញ្ញាតឱ្យឈ្មោះ សើ សាន់ណាវី វិលត្រឡប់ទៅលំនៅដ្ឋានវិញជាធម្មតា។ ផ្ទុយទៅវិញ ចៅក្រមដដែលបានចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ សយ បូរ៉ា ភេទប្រុស អាយុ ៥៧ ឆ្នាំ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃ។

រូបភាពទី៥

ទន្ទឹមនេះ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងភាពត្រឹមត្រូវក្នុងការអនុវត្តភារកិច្ច អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅមន្ត្រីនគរបាលដែលអនុវត្តផ្ទាល់លើករណីនេះ ចូលទៅបំភ្លឺរួចហើយកាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

រូបភាពទី៦

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា បើសិនជាចៅក្រមស៊ើបសួររកឃើញថា មន្ត្រីនគរបាលណាមួយមានការពាក់ព័ន្ធដោយពុំត្រឹមត្រូវតាមជំនាញ និងច្បាប់នោះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងមិនគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីនោះឡើយ។

រូបភាពទី៧

បច្ចុប្បន្ន សំណុំរឿងកំពុងស្ថិតក្នុងសមត្ថកិច្ចនៃចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីបន្តដំណើរការនីតិវិធីច្បាប់បន្តទៀត៕

រូបភាពទី៨

រូបភាពទី៩

រូបភាពទី១០

ដោយ ៖ សិលា

administrator

Related Articles