អស់រឿង! ក្មេងទំនើងជិះម៉ូតូដោះអាវ៥នាក់ ត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

អស់រឿង! ក្មេងទំនើងជិះម៉ូតូដោះអាវ៥នាក់ ត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើងចំនួន ០៥នាក់ ដែលបានជិះម៉ូតូត្រឹមតែ ១គ្រឿង ដោះអាវទាំងអស់គ្នា មិនពាក់មួកសុវត្ថិភាព និងជិះលើសចំនួនកំណត់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីមានការចែករំលែកជាសាធារណៈនៅលើបណ្តាញសង្គម។

ក្មេងទំនើង

ក្រោយទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបមុខសញ្ញាក្មេងទំនើងទាំង ០៥នាក់នេះ។

ក្មេងទំនើង

ករណីនេះបានកើតឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី នៅតាមបណ្ដោយផ្លូវក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល មុននឹងជិះចូលទៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

មុខសញ្ញាក្មេងទំនើងទាំង ០៥នាក់រួមមាន៖

  • ឈ្មោះ ឡន ស៊ុយលៀងហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស
  • ឈ្មោះ រិទ្ធ ថៃរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ
  • ឈ្មោះ យឹម សុភ្រ័ក្កត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកឡាន
  • ឈ្មោះ ពន្លឺ សុខវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ
  • ឈ្មោះ ចាន់ ធាវិទូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស

ក្មេងទំនើង

ក្រុមក្មេងទាំងអស់សុទ្ធតែមានទីលំនៅក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល។ លទ្ធផលតេស្តទឹកនោមរកសារធាតុញៀនរបស់ពួកគេ សុទ្ធតែអវិជ្ជមាន (-)។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda គុបជ្រុង ពណ៌ទឹកមាស ពាក់ផ្លាកលេខ កណ្ដាល 1T-8330 (ជិះដឹកគ្នាចំនួន ០៥នាក់)។

ក្មេងទំនើង

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទាំង៥នាក់បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានជិះម៉ូតូលើសចំនួន មិនពាក់មួកសុវត្ថិភាព និងមិនពាក់អាវ ពិតប្រាកដមែន។ ដោយពួកគេព្រមទទួលស្គាល់កំហុស សុំទោសជាសាធារណៈ និងសន្យាថានឹងឈប់ប្រព្រឹត្តសកម្មភាពល្មើសច្បាប់បន្តទៀត កម្លាំងជំនាញបានសុំគោលការណ៍តាមឋានានុក្រមអប់រំ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រយៈពេល ៤៨ម៉ោង៕

administrator

Related Articles