ភ្នំពេញ៖ រថយន្តម៉ាក Tundra ពណ៌ស ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រងការខូចខាតទាំងស្រុង ខណៈដែលម្ចាស់ទើបតែឈប់ចតចោលក្បែរសួនច្បារក្នុងបុរីភ្នំពេញថ្មី ហើយចូលទៅសម្រាកក្នុងផ្ទះ ពោលគឺដោយសារតែបញ្ហាឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០:៥០ នាទី រំលងអធ្រាត្រចូលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦ ក្នុងបុរីភ្នំពេញថ្មី ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលរងគ្រោះជាម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5188 មានម្ចាស់ឈ្មោះ ម៉ី ចាន់ធារី ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរលក់ដូរ។

នៅយប់កើតហេតុ ម្ចាស់បានឈប់ចតរថយន្តនៅក្បែរសួនច្បារក្នុងបុរី ហើយចូលទៅសម្រាក។ ពេលកំពុងដេកលង់លក់ ស្រាប់តែរថយន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងប្រជាពលរដ្ឋរស់នៅក្នុងបុរី រហូតទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង ឲ្យចូលទៅអន្តរាគមន៍ ទើបភ្លើងបានរលត់ទៅវិញ។

ទោះបីជាយ៉ាងណា រថយន្តខាងលើត្រូវបានភ្លើងឆេះរងការខូចខាតទាំងស្រុង។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីការឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្ត បង្ករជាអគ្គិភ័យតែម្តង។

