ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់យន្តហោះចម្បាំង និងសម្ភារយោធាជាច្រើនប្រភេទនៅមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃចន្ទ ទី១៨ ឧសភា ឆ្នាំ២០២៦។

ក្នុងពិធីនោះ លោក Prabowo បានត្រួតពិនិត្យឧបករណ៍ការពារជាតិថ្មីៗ រួមមានយន្តហោះចម្បាំង Rafale ចំនួន ៦គ្រឿង យន្តហោះ Dassault Falcon 8x ចំនួន ៦គ្រឿង និងយន្តហោះដឹកយោធា Airbus A400M Atlas ចំនួន ២គ្រឿង។ លោកបានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីនឹងបន្តពង្រឹងសមត្ថភាពការពារជាតិ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងការពារទឹកដី។
លោកបានថ្លែងថា៖ «យើងសង្កេតឃើញថា ភូមិសាស្ត្រនយោបាយសកលពោរពេញដោយភាពមិនប្រាកដប្រជា ហើយយើងទទួលស្គាល់ថា ការការពារជាតិគឺជាតម្រូវការជាមុនសម្រាប់ស្ថិរភាព»។

គួរបញ្ជាក់ថា ទីក្រុងហ្សាកាតាបានចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿង ទឹកប្រាក់ ៨.១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។ លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ឥណ្ឌូណេស៊ីបានទទួលយន្តហោះ Rafale ៣គ្រឿងដំបូងកាលពីខែមករា ហើយពិធីនេះរួមមានយន្តហោះបន្ថែម ៣គ្រឿងទៀត។
លោកបន្ថែមថា រដ្ឋាភិបាលចាត់ទុកការពង្រឹងឧបករណ៍ការពារជាតិជាការវិនិយោគជាយុទ្ធសាស្ត្រ មានគោលបំណងការពារអធិបតេយ្យភាព កិត្តិយសជាតិ និងការត្រៀមខ្លួនការពារជាតិ៕
