ស្របពេលមានការសន្និដ្ឋានថា វ៉ាស៊ីនតោនទំនងជានឹងផ្តើមសង្គ្រាមជាថ្មីលើអ៊ីរ៉ង់ក្នុងពេលឆាប់ៗ ឥឡូវមានរបាយការណ៍ថា យន្តហោះអាមេរិកជាង១០គ្រឿងបានដឹកគ្រាប់ទៅដល់អ៊ីស្រាអែលហើយ។

តាមរបាយការណ៍របស់ទូរទស្សន៍ប៉ុស្តិ៍លេខ១៣ អ៊ីស្រាអែល យន្តហោះអាមេរិកជាង១០គ្រឿងដែលដឹកគ្រាប់សម្រាប់ច្បាំងបានចុះចតនៅទីក្រុង Tel Aviv នាព្រឹកថ្ងៃទី១៨ ឧសភា ២០២៦។ យន្តហោះនេះហោះចេញពីមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ហើយត្រូវគេចង្អុលថាជាការត្រៀមធ្វើសង្គ្រាមជាមួយតេហេរ៉ង់សាជាថ្មី។

ព័ត៌មាននេះកើតឡើងក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមអ៊ីរ៉ង់ថានឹងគ្មានអ្វីសេសសល់ទេបើមិនព្រមធ្វើសកម្មភាពឲ្យលឿន។ លោកបានសរសេរលើ Truth Social ថា៖ «ពេលវេលាកំពុងដើរទៅមុខ ហើយពួកគេគួរតែធ្វើសកម្មភាពឲ្យបានលឿន បើមិនដូច្នេះទេ នឹងមិនមានអ្វីសេសសល់ឡើយ»។
នេះក៏កើតឡើងក្រោយកិច្ចចរចាសន្តិភាពជាប់គាំង ខណៈលោក ត្រាំ ទម្លាយថា អាមេរិក និងអ៊ីរ៉ង់ធ្លាប់ឯកភាពលើកិច្ចព្រមព្រៀងជាច្រើនរួចមកហើយ ប៉ុន្តែខាងអ៊ីរ៉ង់តែងតែបដិសេធ។ លោកបន្ថែមថា មូលហេតុដែលធ្វើឲ្យការចរចាជួបបញ្ហា គឺដោយសារជម្លោះផ្ទៃក្នុងក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
