មន្ត្រីអ៊ីរ៉ង់ច្រានចោលពាក្យចចាមអារ៉ាមថាមេដឹកនាំកំពូល Mojtaba Khamenei រងរបួសធ្ងន់ធ្ងរ

មន្ត្រីអ៊ីរ៉ង់ច្រានចោលពាក្យចចាមអារ៉ាមថាមេដឹកនាំកំពូល Mojtaba Khamenei រងរបួសធ្ងន់ធ្ងរ

ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ ដែលបញ្ជាក់ថា មេដឹកនាំកំពូលរបស់ប្រទេស លោក Mojtaba Khamenei មិនបានទទួលរបួសធ្ងន់ធ្ងរដូចពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមនោះឡើយ។

លោក Hossein Kermanpour ប្រធានមជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ និងព័ត៌មាននៃក្រសួងសុខាភិបាលអ៊ីរ៉ង់ បានអះអាងថា៖ «របួសទាំងនោះមិនមែនជាប្រភេទរបួសដែលធ្វើឲ្យខូចទម្រង់មុខរបស់មេដឹកនាំកំពូល ឬធ្វើឲ្យលោកធ្លាក់ខ្លួនពិការ ឬឈានដល់ការកាត់អវយវៈនោះទេ។ ជាក់ស្តែង របួសទាំងនោះត្រូវបានដេរជាច្រើនថ្នេរ ហើយកន្លែងមួយដែលគ្រូពេទ្យសម្រេចចិត្តដេរភ្លាមៗគឺជើងរបស់លោក»។

លោក Mojtaba Khamenei បានឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បន្ទាប់ពីឪពុករបស់លោក គឺអតីតមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃដំបូងនៃការផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យ៉ាងណាមិញ លោកមិនទាន់បង្ហាញខ្លួនជាសាធារណៈទេ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដែលបានរីករាលដាលយ៉ាងឆាប់រហ័សទៅជាជម្លោះក្នុងតំបន់ដ៏គ្រោះថ្នាក់ ដោយរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បង្កផលប៉ះពាល់ដល់ទីផ្សារថាមពលសកល និងនាំឲ្យមានការវាយប្រហារដោយកាំជ្រួច និងដ្រូននៅទូទាំងមជ្ឈិមបូព៌ា៕

administrator

Related Articles