វិបត្តិសុខភាពពីរមុខ៖ អេបូឡាផ្ទុះកុងហ្គោ ហាន់តាវាយប្រហារលើនាវា ពិភពលោកកំពុងប្រឈម?

វិបត្តិសុខភាពពីរមុខ៖ អេបូឡាផ្ទុះកុងហ្គោ ហាន់តាវាយប្រហារលើនាវា ពិភពលោកកំពុងប្រឈម?

ក្រោយពេលឃើញមានការឆ្លងវីរុសហាន់តាលើនាវាទេសចរណ៍ MV Hondius បង្កការភ្ញាក់ផ្អើលជាអន្តរជាតិភ្លាមៗ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសដាក់ជំងឺអេបូឡាដែលកំពុងផ្ទុះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) ថែមទៀត។

រូបភាពអេបូឡា

ទោះបី WHO បញ្ជាក់ថា ហានិភ័យឆ្លងរាលដាលវីរុសហាន់តាជាសកលនៅមានកម្រិតទាបក៏ដោយ ក៏ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការជាប់ជានិច្ច ដោយសារតែបទពិសោធកូវីដ‑១៩ នៅចាំភ្នែក។ ពេលនោះពិភពលោកគ្មានវ៉ាក់សាំងទប់ទល់ ធ្វើឲ្យវាឆក់យកជីវិតមនុស្សរាប់លាននាក់។ ឥឡូវ វីរុសហាន់តាក៏គ្មានវ៉ាក់សាំងដូចគ្នា ជាហេតុបណ្តាលឲ្យមនុស្សជាច្រើនព្រួយបារម្ភយ៉ាងខ្លាំង។

នាវាទេសចរណ៍

វីរុសហាន់តាប្រភេទ HPS (Hantavirus Pulmonary Syndrome) ដែលរកឃើញនៅអាមេរិក មានអត្រាស្លាប់រហូតដល់ ៣៨% ទៅ ៤០% ពោលគឺអ្នកឆ្លង ១០ នាក់ អាចស្លាប់ជិត ៤ នាក់។ យ៉ាងណា ការឆ្លងពីមនុស្សទៅមនុស្សនៅតែកម្រ ប៉ុន្តែអ្នកវិទ្យាសាស្ត្របារម្ភថា បើវាចេះបំប្លែងខ្លួនដូចកូវីដ នោះហានិភ័យនឹងកើនឡើងខ្ពស់។

រូបភាពនាវា

ចំណែកជំងឺអេបូឡាវិញ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ យោងតាមសេចក្តីប្រកាសរបស់ WHO ផ្សាយដោយ BBC កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ជំងឺអេបូឡាបានផ្ទុះខ្លាំងនៅខេត្ត Ituri បង្កការឆ្លង ២៤៦ករណី និងមនុស្សស្លាប់ដល់ទៅ ៨០នាក់។

រូបភាពអេបូឡាកុងហ្គោ

ការផ្ទុះអេបូឡានៅកុងហ្គោពិតជាធ្ងន់ធ្ងរ ព្រោះវាក៏រាលដាលដល់ប្រទេសជិតខាងដូចជា អ៊ូហ្គង់ដា មានទាំងករណីស្លាប់ទៀតផង។ ដោយសារក្តីបារម្ភនេះ ប្រទេសជិតខាងកុងហ្គោទាំងអស់បានរឹតដ្បិតច្រកព្រំដែន និងដាក់ចេញវិធានការតឹងរ៉ឹងដើម្បីបង្ការការនាំចូល។ ជំងឺអេបូឡាដែលផ្ទុះឡើងពេលនេះ គឺជាវីរុសប្រភេទថ្មីឈ្មោះ Bundibugyo មិនមែនប្រភេទ Zaire ដូចមុនៗនោះទេ។

ការផ្ទុះឡើងផ្ទួនគ្នានៃជំងឺទាំងពីរនេះ ចោទជាសំណួរថា តើវាអាចរុញពិភពលោកឲ្យខិតទៅមាត់ជ្រោះនៃវិបត្តិសុខភាពធ្ងន់ធ្ងរសាជាថ្មីដែរឬទេ? ជាពិសេសជំងឺអេបូឡាតែម្តង ព្រោះវាផ្ទុះនៅទ្វីបអាហ្វ្រិកដែលមានប្រព័ន្ធសុខាភិបាលអន់ខ្សោយ។ អ្នកជំនាញបានទាញសញ្ញាព្រមានថា បើគ្មានការរឹតបន្តឹង និងខិតខំទប់ស្កាត់ទេ ជំងឺនេះអាចធ្លាយចេញពីតំបន់នោះតែម្តង។

administrator

Related Articles