សភាពាណិជ្ជកម្មថៃបានដាក់សម្ពាធស្នើឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុណ ផ្តល់អាទិភាពដោះស្រាយបញ្ហាជាតិសំខាន់ៗចំនួន៣រួមមាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់វិស័យកសិកម្ម និងការជំរុញពាណិជ្ជកម្ម និងវិនិយោគ។

លោក Poj Aramwattananont ប្រធានសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា សំណើទាំងនេះត្រូវបានលើកឡើងក្នុងជំនួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនឯកជនឈានមុខគេកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងគោលបំណងប្រមូលទស្សនៈស្តីពីការបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសថៃ ចំពេលគូប្រជែងក្នុងតំបន់ដូចជាវៀតណាមកំពុងមានប្រៀបជាង។
លោក Poj បានគូសបញ្ជាក់ថា អំពើពុករលួយនៅតែជាបញ្ហារ៉ាំរ៉ៃរារាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយថៃត្រូវតែបង្ហាញដល់សហគមន៍អន្តរជាតិថាខ្លួនយកចិត្តទុកដាក់ខ្លាំងលើការដោះស្រាយបញ្ហានេះ ជាពិសេសនៅពេលថៃកំពុងស្វែងរកការលើកកម្ពស់ស្តង់ដារស្របតាមមហិច្ឆតាចូលរួមជាមួយអង្គការ OECD។

បន្ថែមពីនេះ សភាពាណិជ្ជកម្មបានស្នើអន្តរាគមន៍ជាបន្ទាន់ និងកំណែទម្រង់កសិកម្មទូលំទូលាយ ដើម្បីបង្កើនផលិតភាព ប្រាក់ចំណូល កាត់បន្ថយថ្លៃដើម និងធ្វើឱ្យតម្លៃកសិផលមានស្ថេរភាពសម្រាប់កសិករនិងសមាជិកគ្រួសារជាង៣០លាននាក់ ដោយជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅទូទាំងខ្សែច្រវាក់តម្លៃកសិកម្ម។
សំណើទី៣ ជំរុញឱ្យថៃពន្លឿនការពង្រីកពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ខណៈពង្រឹងភាពធន់រយៈពេលវែងរបស់សេដ្ឋកិច្ចថៃ។
