ប៉ាគីស្ថានប្រណាំងពេលវេលា ទប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើងវិញ

ប៉ាគីស្ថានប្រណាំងពេលវេលា ទប់សង្រ្គាមអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើងវិញ

ប៉ាគីស្ថានកំពុងប្រណាំងនឹងពេលវេលាយ៉ាងក្តៅគគុក ក្នុងការដើរតួជាអ្នកសម្របសម្រួលកណ្តាល រក្សាបណ្តាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈភាគីទាំងពីរចាប់ផ្តើមបង្ហាញជំហរកាចសាហាវដាក់គ្នា ដែលអាចធ្វើឱ្យសង្រ្គាមដុតកម្ដៅតំបន់មជ្ឈិមបូព៌ាម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ Al Jazeera និង Anadolu នាថ្ងៃទី១៩ ខែឧសភា។

បើតាមប្រភពព័ត៌មានពីរដ្ឋធានីអ៊ីស្លាម៉ាបាត ប៉ាគីស្ថានកំពុងប្រមូលផ្តុំកម្លាំងការទូតទាំងអស់ ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បើកកិច្ចចរចាផ្ទាល់មាត់ជុំថ្មីមួយទៀត បន្ទាប់ពីការពិភាក្សាជាច្រើនលើកកន្លងមក មិនទាន់រកឃើញចំណុចរបត់ណាមួយលើបញ្ហាគន្លឹះ ជាពិសេសកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

កាលពីចុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ទស្សនកិច្ចនៅចិនដោយគ្មានលទ្ធផលរីកចម្រើនលើរឿងអ៊ីរ៉ង់ ប៉ាគីស្ថានបានបើកយុទ្ធនាការការទូតចល័តភ្លាមៗ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងរដ្ឋមន្ត្រីការបរទេស បានទាក់ទងទៅកាន់មេដឹកនាំកាតា អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ក៏បានធ្វើដំណើរទៅជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ផងដែរ។

ទោះជាយ៉ាងណា បេសកកម្មនេះកំពុងជួបឧបសគ្គធំៗ ព្រោះក្រោយពេលផ្អាកបាញ់គ្នាអស់ជាងមួយខែ អាមេរិកនិងអ៊ីរ៉ង់នៅតែមិនអាចរកចំណុចរួមឃើញ ខណៈសំឡេងគាំទ្រការប្រើកម្លាំងយោធាលាន់ឮកាន់តែខ្លាំង។ លោក ត្រាំ បានព្រមាននៅលើបណ្តាញសង្គមថា ពេលវេលាសម្រាប់អ៊ីរ៉ង់កំពុងដើរទៅមុខយ៉ាងលឿន។

ចាប់តាំងពីសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈ ប៉ាគីស្ថានបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុត ដែលអាចរក្សាទំនាក់ទំនងជាមួយគ្រប់ភាគី និងបានរៀបចំកិច្ចចរចាផ្ទាល់ដំបូងគេរវាងអាមេរិកនិងអ៊ីរ៉ង់កាលពីខែមេសា។ ក្រុមអ្នកជំនាញមើលឃើញថា អ្វីដែលអ៊ីស្លាម៉ាបាតធ្វើបានគឺជារបាំងអូសបន្លាយពេលវេលា ដើម្បីកុំឱ្យភាពតានតឹងធ្លាក់ក្នុងស្ថានភាពគ្រប់គ្រងលែងបាន។

ទោះជាយ៉ាងណា តួនាទីអ្នកកណ្តាលរបស់ប៉ាគីស្ថានកំពុងរងសម្ពាធពីសហរដ្ឋអាមេរិក។ មានព័ត៌មានថា អ៊ីរ៉ង់បានលបផ្លាស់ទីយន្តហោះយោធាទៅកាន់មូលដ្ឋានទ័ពអាកាសប៉ាគីស្ថាន ធ្វើឱ្យអាមេរិកសង្ស័យថាប៉ាគីស្ថានកំពុងលួចជួយលាក់យន្តហោះចម្បាំងអ៊ីរ៉ង់។ ទោះបីប៉ាគីស្ថានបដិសេធដាច់អហង្ការក៏ដោយ ក៏សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនអំពាវនាវឱ្យវាយតម្លៃឡើងវិញលើតួនាទីរបស់ប៉ាគីស្ថាន។

ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្ត ស្ថានភាពជាក់ស្តែងនៅតំបន់នៅតែគួរឱ្យព្រួយបារម្ភ បន្ទាប់ពីមានដ្រូនមិនស្គាល់ប្រភពហោះទៅបុកចំរោងចក្រថាមពលនុយក្លេអ៊ែរ Barakah នៅ UAE។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបង្ហើបថា ក្រសួងការពារជាតិអាមេរិកបានរៀបចំបញ្ជីគោលដៅវាយប្រហារថ្មីសំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់រួចជាស្រេច ខណៈយោធាអ៊ីរ៉ង់ក៏បានព្រមានតបតវិញយ៉ាងចាស់ដៃ។

នៅក្នុងស្ថានភាពដ៏ផុយស្រួយនេះ ប៉ាគីស្ថានប្រហែលជាមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់បង្កើតចំណុចរបត់ប្រវត្តិសាស្ត្របានទេ ប៉ុន្តែដរាបណាភាគីទាំងពីរនៅតែផ្ញើសារកាត់តាមអ៊ីស្លាម៉ាបាត ប្រទេសនេះនៅតែដើរតួជាវ៉ាល់សុវត្ថិភាពដ៏សំខាន់ ទប់ស្កាត់កុំឱ្យភ្លើងសង្រ្គាមទ្រង់ទ្រាយធំឆាបឆេះឡើង៕

administrator

Related Articles