អតីតអធិការបតីអាល្លឺម៉ង់ដ៏មានឥទ្ធិពល លោកស្រី Angela Merkel បានរិះគន់សហភាពអឺរ៉ុប (EU) ថាមិនបានប្រើប្រាស់ឥទ្ធិពលការទូតរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងមិនរក្សាទំនាក់ទំនងគ្រប់គ្រាន់ជាមួយទីក្រុងមូស្គូ។ ក្នុងពេលជាមួយគ្នានេះ លោកស្រីក៏បានបដិសេធចំពោះគំនិតដែលថា រូបលោកស្រីផ្ទាល់អាចដើរតួជាអ្នកសម្របសម្រួលផងដែរ។

យោងតាមសារព័ត៌មាន Politico ដកស្រង់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ WDR លោកស្រី Merkel បាននិយាយថា៖ «ការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែន និងកិច្ចប្រឹងប្រែងកែលម្អសមត្ថភាពទប់ស្កាត់ការគំរាមកំហែង គឺជារឿងត្រឹមត្រូវ។ អ្វីដែលខ្ញុំសោកស្តាយ គឺអឺរ៉ុបមិនបានប្រើប្រាស់សក្តានុពលការទូតរបស់ខ្លួនឱ្យបានពេញលេញនោះទេ។ វាមិនគ្រប់គ្រាន់ឡើយ ក្នុងការរំពឹងតែលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការរក្សាទំនាក់ទំនងជាមួយរុស្ស៊ីនោះទេ»។

លោកស្រីបានបន្តថា ការទូតតែងតែជាផ្នែកមួយមិនអាចខ្វះបានក្នុងការដោះស្រាយជម្លោះ រាប់បញ្ចូលទាំងសម័យសង្គ្រាមត្រជាក់ផងដែរ។ លោកស្រីបានថ្លែងថា៖ «យើងត្រូវតែបន្តព្យាយាម រហូតដល់យើងសម្រេចបាននូវការយល់ឃើញរួមគ្នា»។

ផ្អែកតាមបទពិសោធន៍ពីមុនរបស់លោកស្រី Merkel ក្នុងការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើឱ្យលោកស្រីត្រូវបានគេមើលឃើញថាជាបេក្ខជនសក្តិសមសម្រាប់តំណែងជាប្រេសិតសន្តិភាពរបស់ EU ។
ប៉ុន្តែ លោកស្រីបានទាត់ចោលការលើកឡើងនេះ ដោយសំអាងថា មានតែមេដឹកនាំបច្ចុប្បន្នដែលមានអំណាចនយោបាយក្នុងដៃប៉ុណ្ណោះ ទើបមានកេរ្តិ៍ឈ្មោះ និងឥទ្ធិពលគ្រប់គ្រាន់ក្នុងការដឹកនាំការចរចាជាមួយលោក ពូទីន ឱ្យមានប្រសិទ្ធភាព។
ដោយឡែក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា EU មិនទាន់មានផែនការតែងតាំងអ្នកចរចាណាម្នាក់តំណាងឱ្យប្លុកទាំងមូលនោះទេ ប៉ុន្តែបានទុកជម្រើសនេះឱ្យនៅចំហ។ លោកបានបន្ថែមថា អាទិភាពពេលនេះ គឺត្រូវជំរុញឱ្យរុស្ស៊ីមានឆន្ទៈក្នុងការចូលមកអង្គុយនៅតុចរចាជាមុនសិន។
