រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋចូលរួមកាត់បន្ថយសំរាម ដាំដើមឈើ ប្រារព្ធទិវាបរិស្ថានពិភពលោក

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋចូលរួមកាត់បន្ថយសំរាម ដាំដើមឈើ ប្រារព្ធទិវាបរិស្ថានពិភពលោក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយ អំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់ ឱ្យចូលរួមសកម្មភាពអនាម័យ ការវេចខ្ចប់ និងញែកសំរាមដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ ព្រមទាំងការដាំដើមឈើ ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន។

បរិស្ថាន

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសខាងមុខ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»។ អនុលោមតាមអនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ការប្រារព្ធពិធីនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សុខភាពសាធារណៈ។

សកម្មភាពបរិស្ថាន

រដ្ឋបាលរាជធានី ក៏បានណែនាំដល់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិ ឱ្យចូលរួមអនុវត្ត ៣ចំណុចសំខាន់៖

១. ផ្សព្វផ្សាយជំរុញពលរដ្ឋឱ្យធ្វើអនាម័យ ដាំដើមឈើ គ្រប់គ្រងទុកដាក់ វេចខ្ចប់សំរាមក្នុងធុង ជៀសវាងការដុត ឬបោះចោលមិនត្រឹមត្រូវ។

២. រៀបចំសកម្មភាពអប់រំផ្សេងៗ ដូចជា ការនិពន្ធអត្ថបទ ការប្រកួតផ្ទាំងរូបភាព ការដាំដើមឈើ ការកែច្នៃសំណល់ និងយុទ្ធនាការសម្អាត ដោយអនុវត្តតាមគោលការណ៍ 4Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃ) ដើម្បីធានាសង្គមបៃតង និងបរិស្ថានចីរភាព។

ការគ្រប់គ្រងសំរាម

៣. យកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង សំរាម និងសំណល់រាវឱ្យបានត្រឹមត្រូវ ចូលរួមសន្សំសំចៃថាមពល និងការពារជីវៈចម្រុះ និងធនធានធម្មជាតិតាមរមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាននានា។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គឺមានសារៈសំខាន់ក្នុងការកសាងបរិស្ថានស្អាត បៃតង និងប្រកបដោយនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ៕

ដោយ៖ សំរិត

administrator

Related Articles