ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ និងសូមអបអរសាទរចំពោះលោកស្រី ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតស្ត្រីដំបូងគេរបស់ក្រិកប្រចាំកម្ពុជា។ សម្ដេចសង្ឃឹមថាតួនាទីរបស់លោកជំទាវនឹងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្តទៀត។

លោកស្រីបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងបានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងកម្ពុជា-ក្រិក។ លោកស្រីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង វប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលនេះជាចំណុចដែលនាងចាប់អារម្មណ៍ក្នុងការពង្រីកបន្ថែមទៀតអំឡុងពេលបំពេញបេសកកម្ម។

ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត និងឯកភាពចំពោះការលើកឡើងរបស់លោកស្រី។ សម្ដេចទទួលស្គាល់ថាក្រិកជាប្រទេសចំណាស់ជាងកម្ពុជា និងសម្បូរទៅដោយវប្បធម៌ និងអ្នកប្រាជ្ញច្រើន។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកស្រីនឹងជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងសក្តានុពលផ្សេងៗទៀត ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។


ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវទទួលបានជោគជ័យនៅក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕




ដោយ៖ តារា
