ខេត្តសៀមរាប ៖ នៅលើទឹកដីវប្បធម៌ដ៏ពិសិដ្ឋនៃរមណីយដ្ឋានអង្គរ មានប្រាសាទបុរាណមួយដែលមិនត្រឹមតែជាអច្ឆរិយវត្ថុនៃស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិមានតំណាងឱ្យសេចក្តីស្រឡាញ់ កតញ្ញុតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់កូនចៅជំនាន់ក្រោយចំពោះដូនតា។ នោះគឺប្រាសាទមេបុណ្យខាងកើត ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា រឿងរ៉ាវនៃការកសាងប្រាសាទនេះ គឺដើម្បីតបស្នងសងគុណមាតាបិតានៃអង្គព្រះមហាក្សត្រដ៏ចម្បងនៃប្រវត្តិសាស្ត្រអង្គរ។ ត្រឡប់ទៅកាន់សតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ នៃគ្រិស្តសករាជ ព្រះបាទរាជេន្ទ្រវរ្ម័នទី១ បានឡើងគ្រងរាជ្យ និងដឹកនាំចក្រភពខ្មែរឆ្ពោះទៅរកភាពរុងរឿង។ ក្នុងនាមជាក្សត្រប្រកបដោយធម៌ ព្រះអង្គមិនដែលបំភ្លេចនូវគុណូបការៈរបស់បុព្វការីជនឡើយ។

ព្រះអង្គបានត្រាស់បង្គាប់ឱ្យកសាងប្រាសាទមេបុណ្យខាងកើតឡើង ដោយបែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ និទានកថាដ៏មានអត្ថន័យជ្រាលជ្រៅត្រូវបានកត់ត្រានៅក្នុងសិលាចារឹក ដោយបញ្ជាក់ថា ប្រាសាទភ្នំធ្វើអំពីឥដ្ឋរាងជើងក្អែកនេះ គឺកសាងឡើងក្នុងគោលបំណងចម្បងដើម្បី «ឧទ្ទិសដល់បុព្វការីជន» ច្រើនជំនាន់។

នៅក្នុងប្រាង្គប្រាសាទទាំងនោះ ព្រះអង្គបានតម្កល់រូបចម្លាក់តំណាងឱ្យព្រះមាតា និងព្រះបិតា ក្នុងទម្រង់ជាអាទិទេពដ៏មានមហិទ្ធិឫទ្ធិ ដូចជាព្រះឥសូរ ព្រះនាងបវ៌តី ព្រះនារាយណ៍ និងព្រះព្រហ្ម ហើយនៅក្តីកណ្តាលនៃប្រាសាទមានតម្កល់លិង្គទេវរាជ។

តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា កាលដើមឡើយ ប្រាសាទមេបុណ្យខាងកើតមិនមែនស្ថិតនៅលើដីគោកដូចសព្វថ្ងៃនេះទេ។ ទីនេះគឺជាកោះតូចមួយដ៏សក្ការៈស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ឬហៅថា «បារាយណ៍យសោធរតដាក» ដែលជាស្នាព្រះហស្ថដ៏ធំធេងរបស់ព្រះបាទយសោវរ្ម័នទី១ នាចុងសតវត្សរ៍ទី៩។

ស្រមៃទៅកាលពីជាងមួយពាន់ឆ្នាំមុន អ្នកស្រុក និងក្សត្រាក្សត្រីត្រូវជិះទូកឆ្លងកាត់ផ្ទៃទឹកដ៏ធំល្វឹងល្វើយ ដើម្បីមកធ្វើបុណ្យ និងសម្តែងការដឹងគុណដល់វិញ្ញាណក្ខន្ធបុព្វបុរសនៅលើកោះកណ្តាលទឹកដ៏ស្ងប់ស្ងាត់នេះ។ ទោះបីជាផ្ទៃទឹកបារាយណ៍ដ៏ធំធេងនេះបានរីងស្ងួតគោកអស់ទៅហើយក្តី ប៉ុន្តែព្រលឹងនៃការដឹងគុណ និងសំណង់ប្រាសាទប្រាង្គ៥ កសាងអំពីឥដ្ឋនៅលើខឿនធ្វើពីថ្មបាយក្រៀម និងថ្មភក់ នៅតែឈរជើងយ៉ាងរឹងមាំដដែល។

នាពេលបច្ចុប្បន្ន ប្រាសាទមេបុណ្យខាងកើតបានក្លាយជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ទាក់ទាញនៅក្នុងវង់ធំនៃរមណីយដ្ឋានអង្គរ។ ភ្ញៀវទេសចរមកពីគ្រប់ទិសទីមិនត្រឹមតែចូលចិត្តមកទីនេះ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត និងរ៉ូមែនទិកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានមកដើម្បីស្វែងយល់ ស្ងើចសរសើរ និងលំឱនកាយគោរពដល់វិស្វកម្ម និងទឹកដៃដ៏ឯករបស់ដូនតាខ្មែរជំនាន់មុនផងដែរ។

ទោះបីជាបានឈររឹងមាំប្រឈមមុខនឹងកម្តៅថ្ងៃ និងខ្យល់ភ្លៀងអស់រាប់ពាន់ឆ្នាំមកហើយក្តី រចនាសម្ពន្ធរបស់ប្រាសាទមេបុណ្យខាងកើតជាច្រើនកន្លែងបានរងនូវការខូចខាតដោយសារតែអាយុកាល និងកត្តាធម្មជាតិ។ ដើម្បីបង្ហាញពីការដឹងគុណ និងបន្តថែរក្សាព្រលឹងដូនតាឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្ស និងថែរក្សាជាប្រចាំ។

ក្រុមអ្នកជំនាញបាន និងកំពុងធ្វើការងារយ៉ាងផ្ចិតផ្ចង់ដូចជា ជួសជុលទល់ទ្រលើចំណុចហានិភ័យនៃប្រាសាទ ការសម្អាតកំណកដីតាមថ្នេរថ្ម ការកាត់សម្អាតរុក្ខជាតិដែលអាចបំផ្លាញដល់ឥដ្ឋនិងថ្មប្រាសាទ ព្រមទាំងបង្ការការពារការជម្រាបទឹកចូលទៅក្នុងរចនាសម្ពន្ធរបស់ឥដ្ឋប្រាសាទ។

ការថែរក្សាប្រាសាទមេបុណ្យខាងកើតនៅថ្ងៃនេះ គឺការបន្តសរសេររឿងរ៉ាវនៃការដឹងគុណពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីឱ្យវិមានឧទ្ទិសដល់បុព្វការីជនមួយនេះ នៅតែជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាសម្រាប់កូនខ្មែរ និងពិភពលោកជារៀងរហូតតទៅ។

អត្ថបទសរសេរដោយ៖ កៀន សុឃាក់
