សហរដ្ឋអាមេរិកបានប្រកាសពន្យារការលើកលែងទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ីរយៈពេល ៣០ ថ្ងៃបន្ថែមទៀត ខណៈតម្លៃប្រេងអន្តរជាតិនៅតែហក់ឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែល និងការផ្គត់ផ្គង់សកលកំពុងមានភាពតានតឹង។

ការលើកលែងថ្មីនេះ ចេញដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាមេរិក អនុញ្ញាតឱ្យប្រទេសនានាបន្តទិញប្រេងរុស្ស៊ីដែលជាប់គាំងលើដែនសមុទ្រ ដោយមានសុពលភាពដល់ថ្ងៃទី ១៧ ខែមិថុនា ជំនួសការលើកលែងចាស់ដែលផុតកំណត់នៅថ្ងៃទី ១៦ ឧសភា។ យ៉ាងណា វាមិនអនុវត្តចំពោះប្រតិបត្តិការពាក់ព័ន្ធនឹងអ៊ីរ៉ង់ កូរ៉េខាងជើង គុយបា ឬតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីទេ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានថ្លែងថា ការអនុញ្ញាតនេះមានគោលបំណងរក្សាលំហូរប្រេងលើទីផ្សារពិភពលោក ទប់ស្កាត់ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងអតិផរណា ព្រមទាំងកាត់បន្ថយសមត្ថភាពចិនក្នុងការស្តុកប្រេងពីរុស្ស៊ីក្នុងតម្លៃថោក។ គួរបញ្ជាក់ថា អាមេរិកបានចេញវិធានដកទណ្ឌកម្មនេះជាលើកដំបូងបន្ទាប់ពីជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកល៕
