នគរបាលប៉ុស្តិ៍បឹងកក់ទី២ ចុះប្រមូលជនអនាថាប្រើគ្រឿងញៀន ០៩នាក់ បញ្ជូនទៅមណ្ឌលកែប្រែ

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ចុះប្រមូលជនអនាថាប្រើគ្រឿងញៀន ០៩នាក់ បញ្ជូនទៅមណ្ឌលកែប្រែ

សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានចុះប្រតិបត្តិការរដ្ឋបាលប្រមូលជនអនាថាដែលប្រើប្រាស់គ្រឿងញៀន នៅតាមបណ្តោយផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

នគរបាលចុះប្រមូលជនអនាថា

ប្រភពពីនគរបាលបានឲ្យដឹងថា ការចុះប្រតិបត្តិការនេះ គឺធ្វើឡើងក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរស់នៅក្បែរនោះ ដែលបានត្អូញត្អែរពីភាពភ័យខ្លាច ដោយសារតែមានរោងស្នាក់នៅអនាធិបតេយ្យ និងជនអនាថាប្រើប្រាស់គ្រឿងញៀនបង្កអសន្តិសុខក្នុងតំបន់។ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចបានចុះប្រមូលនិងឃាត់ខ្លួនជនអនាថាប្រុស-ស្រីចំនួន ០៩នាក់ (ក្នុងនោះមានស្ត្រី ០២នាក់) ដែលសុទ្ធសឹងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចឃាត់ខ្លួនជនអនាថា

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនអនាថាទាំង ០៩នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង និងបញ្ជូនបន្តទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ដើម្បីអប់រំនិងស្តារនីតិសម្បទាឲ្យពួកគេអាចវិលត្រឡប់មករស់នៅក្នុងសង្គមវិញបានដោយសុវត្ថិភាព។

នគរបាលបញ្ជូនជនអនាថា

ការចុះប្រមូលជនអនាថានេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់នគរបាលរាជធានីភ្នំពេញ ក្នុងការសម្អាតមូលដ្ឋានពីក្រុមជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ រដ្ឋា

administrator

Related Articles