គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ៥ទីតាំងនៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស៣៣នាក់ និងរកឃើញបន្ទប់ក្រោមដីសង្ស័យ

គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ៥ទីតាំងនៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស៣៣នាក់ និងរកឃើញបន្ទប់ក្រោមដីសង្ស័យ

បន្ទាយមានជ័យ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្តចុះត្រួតពិនិត្យ ឆែកឆេរជាក់ស្ដែងចំនួន៥ទីតាំង នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ការចុះត្រួតពិនិត្យទីតាំងសង្ស័យ

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត ដោយចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង និងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងចំណោម៥ទីតាំង កម្លាំងបានត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំង រកឃើញជនបរទេសសរុប៣៣នាក់ (ស្រី២នាក់) ក្នុងនោះជនជាតិចិន២៩នាក់ និងថៃ៤នាក់។ ជនជាតិចិនចំនួន១៧នាក់ ត្រូវបានរកឃើញថាស្នាក់នៅខុសច្បាប់ និងបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីបន្តនីតិវិធីបណ្ដេញចេញ។

ក្រោយប្រតិបត្តិការបង្ក្រាបទីតាំងចំនួន២កន្លែង អាជ្ញាធរបានបិទជាបណ្ដោះអាសន្ន។ ទីតាំងទី១ ជាផ្ទះវីឡាកម្ពស់៣ជាន់ ១៩បន្ទប់ រកឃើញបន្ទប់ក្រោមដីចំនួន១ មានផ្ទុកសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទីតាំងទី២ ជាអគារកម្ពស់៦ជាន់ ១៦បន្ទប់ ក៏រកឃើញសម្ភារៈសង្ស័យដូចគ្នា ដោយទីតាំងទាំងពីរគ្មានជនបរទេសស្នាក់នៅឡើយ។

administrator

Related Articles