ប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សាដោយចេតនានៅខណ្ឌដង្កោ បានបញ្ចប់ទៅដោយជោគជ័យ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងប្រុសស្រីចំនួន០៩នាក់ ក្នុងចំណោមបក្ខពួកជាង២០នាក់ ដែលបានធ្វើសកម្មភាពកាប់វាយជនរងគ្រោះដោយដាវបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល និងប្លន់យកស្លាកលេខម៉ូតូ និងទូរស័ព្ទ iPhone 14 Pro Max។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ក្រុមជនសង្ស័យទាំងនេះបានប្រើប្រាស់ដាវ ដុំថ្ម និងដងឆ័ត្រជាអាវុធគប់វាយទៅលើជនរងគ្រោះចំនួន០២នាក់ ខណៈពួកគេកំពុងអង្គុយផឹកស៊ីមើលការប្រកួតប្រដាល់តាមស្លាយពីចម្ងាយនៅតំបន់ស្ពានបាក់ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស។ ជនរងគ្រោះឈ្មោះ ប៉ន ពេជ្រពន្លឺ ត្រូវបានកាប់របួសក្បាលចំនួន១០ថ្នេរ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយពីកាប់វាយរួច ក្រុមជនសង្ស័យបានបន្តកាប់បំផ្លាញម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HZ-7108 របស់ជនរងគ្រោះឈ្មោះ រ៉េត វិសាល រួចកាប់យកស្លាកលេខ និងទូរស័ព្ទ iPhone 14 ProMax គេចខ្លួនបាត់។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន៥គ្រឿង (SUZUKI NEX, HONDA DREAM C125) ទូរស័ព្ទ iPhone ៣គ្រឿង ដងឆ័ត្រ១ដើម និងដុំថ្មចំនួន៥ដុំ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ជាង១០នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវចាប់ខ្លួនយកមកផ្ដន្ទាទោសឱ្យបានគ្រប់ៗគ្នា។

