កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា បានបើកការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់ ជាពិសេសនៅភាគខាងត្បូង ព្រមទាំងបានព្រមានប្រជាពលរដ្ឋលីបង់នៅក្នុងទីប្រជុំជនចំនួន ១២ ឲ្យរត់ភៀសខ្លួនមុនពេលមានការវាយប្រហារកើតឡើង បើទោះបីជាមានបទឈប់បាញ់កំពុងអនុវត្តនៅក្នុងសង្គ្រាមជាមួយក្រុមហេសបូឡាក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋរបស់លីបង់ និងអ្នកថតរូបរបស់ទីភ្នាក់ងារ AFP បានឲ្យដឹងថា ការវាយប្រហារនេះ បានកំណត់គោលដៅលើតំបន់ជាច្រើនក្នុងស្រុក Tyre និងខេត្ត Nabatieh នៅភាគខាងត្បូងប្រទេស។

ក្រសួងសុខាភិបាលលីបង់ក៏បានចេញការបញ្ជាក់ថា ការវាយប្រហារលើទីប្រជុំជនដដែលនេះកាលពីមួយថ្ងៃមុន បានបំផ្លាញមជ្ឈមណ្ឌលថែទាំសុខភាពបឋមមួយ ដែលគ្រប់គ្រងដោយគណៈកម្មាធិការសុខភាពអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។ ជាក់ស្ដែង ការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារលើសង្កាត់ Saray ក្នុងក្រុង Nabatieh ដែលរួមមានហាងទំនិញ វិហារអ៊ីស្លាមចាស់ និងអគារលំនៅឋានប្រពៃណី បានបំផ្លាញផ្នែកភាគច្រើននៃសង្កាត់នោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់ដ្រូនមួយគ្រឿងដែលហោះមកពីប្រទេសលីបង់។ ទន្ទឹមនឹងនោះ ក្រុមហេសបូឡាបានអះអាងដែរថា ខ្លួនបានវាយប្រហារជាច្រើនលើកប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ ក្រៅពីការកំណត់គោលដៅលើប្រព័ន្ធការពារ Iron Dome នៅក្នុងតំបន់ Jal Alam និង Margaliot នៅភាគខាងជើងអ៊ីស្រាអែល។
គួរបញ្ចាក់ដែរថា ក្រុមហេសបូឡាបានទាញលីបង់ឲ្យធ្លាក់ក្នុងសង្គ្រាមមជ្ឈិមបូព៌ាកាលពីថ្ងៃទី ២ ខែមីនា ដោយការបាញ់គ្រាប់រ៉ុកកែតទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប្រទេសអ៊ីរ៉ង់។ ចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់កាលពីថ្ងៃទី ១៧ ខែមេសាមក អ៊ីស្រាអែលបានបន្តបើកការវាយប្រហារ ធ្វើការកម្ទេចចោល និងចេញបញ្ជាឲ្យជម្លៀសខ្លួននៅភាគខាងត្បូងលីបង់ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។

មិនតែប៉ុណ្ណោះ អ៊ីស្រាអែលក៏បានចេញការព្រមានឲ្យជម្លៀសខ្លួនជាញឹកញាប់សម្រាប់ទីប្រជុំជនរាប់សិប ដែលឈានទៅដល់ទីកន្លែងឆ្ងាយពីព្រំដែន ដែលជាកន្លែងស្នាក់នៅរបស់ប្រជាជនភៀសខ្លួនមកពីតំបន់ផ្សេងទៀត។
យោងតាមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់បានសម្លាប់មនុស្សជាង ៣,០០០ នាក់ ចាប់តាំងពីថ្ងៃទី ២ ខែមីនាមក។ ចំណែកឯកងទ័ពអ៊ីស្រាអែលក៏បាននិយាយដែរថា ខ្លួនបានបាត់បង់ទាហាន ២០ នាក់ និងអ្នកម៉ៅការស៊ីវិលម្នាក់នៅភាគខាងត្បូងលីបង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
