អាស៊ានជំរុញសន្តិភាពអាមេរិក-អ៊ីរ៉ង់ បន្តកិច្ចចរចាបន្ទាប់ពីបរាជ័យ

អាស៊ានជំរុញសន្តិភាពអាមេរិក-អ៊ីរ៉ង់ បន្តកិច្ចចរចាបន្ទាប់ពីបរាជ័យ

កិច្ចចរចាសន្តិភាព

បន្ទាប់ពីកិច្ចពិភាក្សាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បរាជ័យនៅប្រទេសប៉ាគីស្ថាន សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យភាគីទាំងពីរបន្តកិច្ចចរចាឈានទៅរកសន្តិភាព។

ក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃចន្ទទី១៣ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាស៊ានបាននិយាយថា៖ «យើងសូមជំរុញឲ្យសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បន្តកិច្ចចរចាដែលនឹងឈានទៅរកការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ និងបង្កើតសន្តិភាពយូរអង្វែងនៅក្នុងតំបន់»។

រដ្ឋមន្ត្រីទាំងអស់ក៏អំពាវនាវឲ្យមានការអនុវត្តបទឈប់បាញ់ពេញលេញនិងមានប្រសិទ្ធភាព ដើម្បីបង្ការកុំឲ្យមានការបាត់បង់ជីវិតមនុស្សបន្ថែមទៀត នៅក្នុងជម្លោះដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈ។

កិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍ត្រូវបរាជ័យ ដោយបញ្ចប់ទៅទាំងមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីទេ។

តាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក JD Vance នៅថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ច្បាស់ៗនូវ «បន្ទាត់ក្រហម» របស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់មិនយល់ព្រមតាមលក្ខខណ្ឌឡើយ។

លោក Vance បន្ថែមថា សហរដ្ឋអាមេរិកមកកាន់កិច្ចចរចានេះដោយភាពបត់បែន និងក្នុងចិត្តស្មោះត្រង់ ប៉ុន្តែវាជារឿងដែលគួរឲ្យសោកស្តាយដែលភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាបាន។

ក្រោយមកក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់យ៉ាងច្បាស់ថា លក្ខខណ្ឌចំនួន៣ជាមូលហេតុនាំឲ្យការចរចាបរាជ័យ ហើយទោះទីក្រុងតេហេរ៉ង់មិនទម្លាយថា លក្ខខណ្ឌទាំង៣នោះគឺជាអ្វីខ្លះក៏ដោយ ប៉ុន្តែបើតាមគេដឹង មួយក្នុងចំណោមលក្ខខណ្ឌ៣នោះគឺពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles