រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីជួបសំណះសំណាលពិសាអាហារជាមួយបុគ្គលិកអនាម័យបរិស្ថានរាប់រយនាក់ នៅរោងចក្រស្តង់ដាលំដាប់ពិភពលោក។

ពិធីនេះប្រៀបបាននឹងការជួបជុំគ្រួសារធំមួយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នាំអ្នកសម្អាតទីក្រុងទាំងអស់សប្បាយរីករាយជាមួយល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកំសាន្តផ្សេងៗ។

ក្នុងពេលជួបជុំនេះ ខ្មែរ ប៊ែវើរីជីស ក៏បានអបអរសាទរសមិទ្ធផលថ្មីរបស់ខ្លួន ដោយទទួលបានវិញ្ញាបនបត្រ ISO 22000:2018 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ពីស្ថាប័នអន្តរជាតិ។

ថ្មីៗនេះ ក្រុមហ៊ុនក៏ទទួលបានមេដាយមាស ១០ គ្រឿងបន្ថែមទៀត ពីស្ថាប័ន Monde Selection ក្នុងឆ្នាំ ២០២៦ ដែលបញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ។ សរុបមកដល់ពេលនេះ ទទួលបានមេដាយមាសសរុប ៥៥ គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជា។

ជាសហគ្រិនខ្មែរដែលរីកលូតលាស់ក្នុងសង្គមខ្មែរ ខ្មែរ ប៊ែវើរីជីស តែងតែនៅកៀកតម្រូវការបងប្អូនខ្មែរជានិច្ច ដោយត្រៀមខ្លួនឆ្លើយតប និងចែកចាយផលិតផលដែលបំពេញគ្រប់លក្ខខណ្ឌស្តង់ដាអន្តរជាតិ។

ពិធីនេះបង្ហាញពីការគោរពឱ្យតម្លៃលើការខិតខំបំពេញតួនាទីរបស់បុគ្គលិកអនាម័យបរិស្ថាន ដែលជាអ្នកធ្វើឱ្យទីក្រុងស្អាត មានបរិស្ថានល្អ។

