ភ្នំពេញ៖ អគ្គីភ័យធំមួយបានឆាបឆេះឃ្លាំងស្តុកក្រណាត់មួយកន្លែងនៅវេលាម៉ោង ២:៤០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ទីតាំងកើតហេតុស្ថិតនៅក្នុងដីឡូតិ៍មួយក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតអគ្គីភ័យ គេបានឃើញផ្សែងហុយចេញពីឃ្លាំងស្តុកក្រណាត់ធំមួយ រួចបង្កជាអណ្តាតភ្លើងយ៉ាងធំឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ពលរដ្ឋក្នុងតំបន់បានស្រែកហៅឲ្យជួយយកទឹកពន្លត់ និងរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីសុំរថយន្តពន្លត់អគ្គីភ័យ។

បន្ទាប់ពីទទួលដំណឹង ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យច្រើនគ្រឿងចេញពីគោលដៅជិតបំផុតទៅអន្តរាគមន៍ភ្លាម។

ក្នុងការអន្តរាគមន៍នេះ មន្ត្រីជំនាញបានធ្វើការគ្រប់គ្រងស្ថានការណ៍ដោយធ្វើយ៉ាងណាមិនឲ្យរាលដាល និងធានាថាគ្មាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះឡើយ។

ទោះជាយ៉ាងណា មូលហេតុនៃការឆេះនេះ មន្ត្រីជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយបច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវជាបឋម។


