កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង នៅក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ មេសា ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ប្រតិបត្តិការនេះធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា។ ប៉ុន្តែនៅពេលចុះអនុវត្តផ្ទាល់ កម្លាំងនគរបាលខេត្តបានរកឃើញមានការប្រមូលផ្តុំស្នាក់នៅពីសំណាក់ជនបរទេសយ៉ាងច្រើនកុះករ ទើបឈានដល់ការសម្រេចចិត្តឆែកឆេរជាក់ស្តែងតែម្តង។

ជាលទ្ធផលអាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៦២នាក់ (ស្រី្ត ៤៧នាក់) មាន៩ សញ្ជាតិ រួមមានៈ ចិន១៣៥នាក់ (ស្ត្រី២នាក់) ថៃ៥៨នាក់(ស្រ្តី២៧នាក់ ) ឥណ្ឌា៣០ នាក់(ស្រ្តី១នាក់) មីយ៉ាន់ម៉ា២២នាក់ (ស្រ្តី១៣នាក់) នេប៉ាល់ ៦នាក់ (ស្រ្តី២នាក់) ប៉ាគីស្ថាន៤នាក់ (ស្រ្តី១នាក់ ) រ៉វ៉ាន់ដា៥នាក់ ប៊ូរ៉ុនឌី១នាក់ និងហ្វីលីពីន១នាក់។ ក្រៅពីនេះ អាជ្ញាធរដកហូតសម្ភារៈបច្ចេកវិទ្យា រួមមាន កុំព្យូទ័រលើតុ ៤២០គ្រឿង និងទូរសព្ទដៃ ១,៤៥០គ្រឿង។

តាមការបំភ្លឺពីជនជាតិថៃបានឱ្យដឹងថា ពួកគេត្រូវបានអូសទាញឱ្យលួចឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការសន្យាផ្តល់ប្រាក់ខែខ្ពស់ពី ២០,០០០ ទៅ ៤០,០០០បាត ប៉ុន្តែបែរជាត្រូវមកបង្ខំឱ្យធ្វើការងារឆបោកអនឡាញបែបនេះទៅវិញ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីឆបោកគោលដៅទៅប្រទេសថៃ ក្នុងរូបភាពក្លែងបន្លំលក់ទំនិញអនឡាញ និងទៅសហរដ្ឋអាមេរិក ក្នុងរូបភាពក្លែងបន្លំការវិនិយោគរូបិយប័ណ្ណឌីជីថល (Crypto)។

ជាវិធានការចំពោះមុខ មានមេខ្លោងជនជាតិចិន២នាក់ និងមីយ៉ាន់ម៉ា១នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី។ ចំណែកជនបរទេស ២៥៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា។

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ត្រូវចេញមកសារភាព និងផ្តល់ព័ត៌មានជូនសមត្ថកិច្ច។
