ភ្នំពេញ៖ បុរសអាយុ ៦៤ ឆ្នាំម្នាក់បានស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ ខណៈកំពុងឡើងលើជណ្តើរដើម្បីផ្សារដែកនៅក្នុងផ្ទះរបស់គាត់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ជនរងគ្រោះឈ្មោះ វង្ស ម៉ាប់ ភេទប្រុស អាយុ៦៤ឆ្នាំ មានកូនចំនួន៣នាក់ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងលើជណ្តើរដើម្បីផ្សារដែកនៅក្នុងផ្ទះ ខណៈកំពុងផ្សារក៏ប៉ះខ្សែភ្លើងដែលដាច់រលាត់ បណ្តាលឱ្យឆក់ធ្លាក់ពីលើជណ្តើរស្លាប់ភ្លាមៗ។

ប្រភពដដែលបានបន្តថា ភ្លាមនោះប្រពន្ធកូនឃើញដោយមិនអស់ចិត្តក៏បញ្ជូនទៅមន្ទីរពេទ្យ តែគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកយកមកផ្ទះធ្វើបុណ្យតាមប្រពៃណី។

ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងសហគមន៍ និងជាការរំលឹកដល់សុវត្ថិភាពក្នុងការប្រើប្រាស់អគ្គិសនីនៅតាមផ្ទះ។

អាជ្ញាធរមានសមត្ថកិច្ចបានចុះពិនិត្យទីកន្លែងកើតហេតុ និងផ្តល់ដំបូន្មានអំពីសុវត្ថិភាពក្នុងការប្រើប្រាស់អគ្គិសនី ជាពិសេសនៅពេលធ្វើការជាមួយឧបករណ៍អគ្គិសនី។

ដោយ៖ សុខាសែនជ័យ
