
រាជធានីភ្នំពេញ – ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញរយៈពេល ៥ឆ្នាំ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា។

កិច្ចចុះហត្ថលេខាបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ ដោយមានការចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា KOICA ប្រចាំកម្ពុជា។

គម្រោងនេះនឹងអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយផ្តោតលើការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថានចំនួន៣ រួមមាន៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

គម្រោងនឹងគ្របដណ្តប់សកម្មភាពសំខាន់ៗ រួមមាន៖ ពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ TVET លើកកម្ពស់ការយល់ដឹងពី TVET ពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា និងពង្រឹងសមត្ថភាពវិទ្យាស្ថាន TVET។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងការជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

លោកស្រី ឆយ ម៉ូន ជុង បានសម្តែងការរីករាយចំពោះសមិទ្ធផលនៃការចុះហត្ថលេខា ដោយលោកស្រីមានប្រសាសន៍ថា នេះជាបេសកកម្មចុងក្រោយដ៏សំខាន់ និងកក់ក្តៅបំផុតមួយរបស់លោកស្រី ដោយសារតែលោកស្រីនឹងបញ្ចប់ការងារនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស និងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាព។ ក្រសួងការងារនឹងបន្តអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ និងរង់ចាំស្វាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ KOICA នាពេលអនាគត។
