ខេត្តកែប – ស្នងការដ្ឋាននគរបាលខេត្តកែប បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមបង្ការគ្រោះអគ្គិភ័យ បន្ទាប់ពីមានករណីភ្លើងឆេះព្រៃមួយកន្លែងកើតឡើងនៅក្នុងភូមិសាស្ត្រក្រុងកែប។

នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ មានករណីភ្លើងឆេះព្រៃមួយកន្លែងនៅក្រុងកែប ត្រូវបានកម្លាំងនគរបាលខេត្ត ក្រុង រួមជាមួយកងរាជអាវុធហត្ថ និងអាជ្ញាធរក្រុង ចុះអន្តរាគមន៍ជួយពន្លត់ទាន់ពេល។ ហេតុការណ៍នេះនាំឱ្យប៉ះពាល់ដំណាំស្វាយប្រជាពលរដ្ឋមួយចំនួន តែមិនបណ្ដាលឱ្យរាលដាលបន្តទៅប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋទេ។

ស្នងការដ្ឋាននគរបាលខេត្តកែប បានបន្តថា អាកាសធាតុក្តៅរាំងស្ងួត ងាយបង្កឲ្យមានគ្រោះអគ្គិភ័យ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបង្ការគ្រោះអគ្គិភ័យ ដោយកុំបំពក់ភ្នក់ភ្លើង ចោលកន្ទុយបារី ឬដុតសំរាម ស្មៅ និងជញ្ជ្រាំង ដែលនាំឲ្យបង្កគ្រោះអគ្គិភ័យ។ បង្កឲ្យមានគ្រោះអគ្គិភ័យនឹងទទួលទោសតាមផ្លូវច្បាប់ជាធរមាន។

កម្លាំងសង្គ្រោះបានចូលដៃគ្នាយ៉ាងរហ័ស ដើម្បីពន្លត់ភ្លើងមុនពេលវារាលដាលទៅតំបន់ផ្សេងៗ។ ការអន្តរាគមន៍ទាន់ពេលវេលានេះ បានកាត់បន្ថយការខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

អាជ្ញាធរខេត្តកែប នៅតែបន្តការព្រមានដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវក្តៅរាំងស្ងួតនេះ ដោយជៀសវាងការប្រើប្រាស់ភ្លើងនៅតំបន់ដែលមានរុក្ខជាតិស្ងួត។
