ភ្នំពេញ៖ កូរ៉េខាងជើងកំពុងពន្លឿនការផលិតអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងបង្កើនសកម្មភាពនៅកន្លែងអភិវឌ្ឍន៍យ៉ុងប៊ីយុន ដែលជាកន្លែងផលិតអាវុធនុយក្លេអ៊ែរសំខាន់របស់ខ្លួន។

អង្គការសហប្រជាជាតិបានរកឃើញថា កូរ៉េខាងជើងមានវឌ្ឍនភាពយ៉ាងខ្លាំងក្លាក្នុងកម្មវិធីនុយក្លេអ៊ែរ ដោយបានបង្កើនសកម្មភាពនៅម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរកម្លាំង ៥ មេហ្កាវ៉ាត់ និងម៉ាស៊ីនញែកសារធាតុវិទ្យុសកម្ម។
លោក រ៉ាហ្វាអែល ក្រូស៊ី ប្រធានទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) បានបញ្ជាក់ថា៖ “កូរ៉េខាងជើងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅតំបន់យ៉ុងប៊ីយុន។ នេះជាសញ្ញាបង្ហាញថារបបនេះតាំងចិត្តពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។”

យោងតាមការវាយតម្លៃ កូរ៉េខាងជើងបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥០ គ្រាប់។ ទោះជាយ៉ាងណា អ្នកវិភាគនៅមិនទាន់ជឿជាក់ថាប្រទេសនេះមានសមត្ថភាពបំពាក់ក្បាលគ្រាប់ទាំងនេះលើមីស៊ីលអន្តរទ្វីបដែលអាចវាយប្រហារគោលដៅនៅអាមេរិកនៅឡើយទេ។
ចាប់តាំងពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកដំបូងក្នុងឆ្នាំ ២០០៦ កូរ៉េខាងជើងបានសម្រេចក្នុងការអភិវឌ្ឍមីស៊ីលអន្តរទ្វីបដែលអាចបាញ់ដល់ទឹកដីអាមេរិក។ ក្រោមការដឹកនាំរបស់លោក គីម ជុង អ៊ុន ប្រទេសនេះបានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដោយមិនខ្វាយខ្វល់ពីការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ។

អ្នកវិភាគមើលឃើញថា ទង្វើនេះជាការប៉ុនប៉ងពង្រឹងសមត្ថភាពខ្លួនឯងដើម្បីទប់ទល់នឹងលទ្ធភាពនៃកម្លាំងខាងក្រៅដែលអាចចង់ផ្លាស់ប្ដូររបបដឹកនាំនៅទីក្រុងព្យុងយ៉ាង។ ការពន្លឿនកម្មវិធីនុយក្លេអ៊ែរនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលអាមេរិកកំពុងបន្តដាក់សម្ពាធលើកូរ៉េខាងជើង។
ប្រភព៖ The Guardian និងប្រភពដទៃទៀត
