ខេត្តឧត្តរមានជ័យ – ស្ត្រីម្នាក់បានស្លាប់បាត់ជីវិតក្នុងគ្រោះអគ្គីភ័យឆាបឆេះផ្ទះចំនួន៣ខ្នង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យនេះបណ្ដាលមកពីផ្ទុះចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើង បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតផ្ទះចំនួន៣ខ្នង និងបណ្តាលឲ្យស្លាប់មនុស្សចំនួន១នាក់ ឈ្មោះកាវ ស៊ូហេង ភេទស្រី អាយុ៤៥ឆ្នាំ។

ម្ចាស់ផ្ទះទី១ ឈ្មោះកាវ លីឃុន អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះគីម ញ៉រ អាយុ៧០ឆ្នាំ ផ្ទះទំហំ១៦មែត្រ x ៨០មែត្រ សាងសង់ថ្មប្រក់ក្បឿង ខូចខាតផ្នែកមួយ។

ម្ចាស់ផ្ទះទី២ ឈ្មោះសុន ចាន់កា អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះហ៊ួ គឹមហ័រ អាយុ២៨ឆ្នាំ ផ្ទះទំហំ៧មែត្រ x ៨០មែត្រ ខូចខាតទាំងស្រុង។

ម្ចាស់ផ្ទះទី៣ ឈ្មោះយន់ សារឹម អាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះញ៉ែម ណារស់ អាយុ៤៨ឆ្នាំ ផ្ទះទំហំ៨មែត្រ x ៨០មែត្រ។

បើយោងតាមសមត្ថកិច្ចជំនាញ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទុសេខ្សែភ្លើងក្នុងផ្ទះទី១។ កម្លាំងពន្លត់អគ្គីភ័យបានចេញរថយន្ត៤គ្រឿង ប្រើទឹក១៨រថយន្ត និងរឺម៉កដឹកទឹក៥គ្រឿង ពន្លត់ឱ្យរលត់ទាំងស្រុងនៅម៉ោង០៧:៤០នាទីព្រឹក។

លោកអភិបាលស្រុកអន្លង់វែងបានអំពាវនាវឲ្យប្រជាពលរដ្ធត្រូវចូលរួមសហការបង្ការទប់ស្កាត់ ប្រុងប្រយ័ត្នជាប្រចាំចំពោះភ្លើងចង្ក្រាន ខ្សែភ្លើង និងកុំនាំគ្នាដុតព្រៃនារដូវរាំងស្ងួត។



