ខេត្តកំពង់ចាម៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រឹត្តិការណ៍លៀសហាលចំនួន៥តោន ដែលដាក់ហាលមានចម្ងាយ១២០០ម៉ែត្រ បានទាក់ទាញភ្ញៀវទេសចររាប់សែននាក់ឲ្យមកទទួលភ្លក់រសជាតិលៀសហាលកំពង់ចាម។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅវេលាម៉ោង១១ព្រឹករហូតដល់១២ថ្ងៃត្រង់ថ្ងៃទី១៥មេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកជំទាវលាង វួចឆេង ភរិយាសម្ដេចឧត្តមទេពញាណហ៊ុន ណេង និងឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ថា៖ “សម្រាប់ព្រឹត្តិការណ៍លៀសហាលចំនួន៥តោននេះ មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋច្រើនកុះករ ទាំងអ្នកនៅក្នុងខេត្តនិងជុំវិញខេត្ត ក៏ដូចជាភ្ញៀវជាតិអន្តរជាតិដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា។”

ឯកឧត្តមអភិបាលខេត្តបន្តថា៖ “លៀសហាលនេះគឺប្រជាពលរដ្ឋចូលចិត្តពិសា តាមដំណឹងថាគ្រាន់តែកម្មវិធីមិនទាន់ចាប់ផ្ដើម គឺបងប្អូននាំគ្នាទទួលទានអស់ប្រហែលពាក់កណ្ដាលបាត់ទៅហើយ។ ដូច្នេះបងប្អូនអាចភ្លក់អាហារសំរន់លៀសហាល ជាមួយនឹងកញ្ចប់បាយ ដែលផ្ដល់ជូនដោយឥតគិតថ្លៃ។”

ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា៖ “ពិតជាកិត្តិយសដោយនៅថ្ងៃនេះខេត្តកំពង់ចាមទាំងមូលបានរៀបចំនៅព្រឹត្តិការណ៍លៀសហាលទម្ងន់៥តោន ដែលបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនិងវិស័យទេសចរណ៍។”

តាមការកត់សម្គាល់របស់លោកស្រីសុភ័ក្ត្រ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម គ្រាន់តែសង្ក្រាន្តថ្ងៃទី១នៅខេត្តកំពង់ចាម ទទួលភ្ញៀវជាតិនិងអន្តរជាតិមកលេងសរុបជិតមួយលាននាក់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍លៀសហាលឆ្នាំ២០២៥និង២០២៦នេះ ខេត្តកំពង់ចាមអាចបំបែកកំណត់ត្រាលេខ១នៅទូទាំងប្រទេសកម្ពុជា។



